រូបសំណាក Messi ត្រូវ​បាន​គេ​បំផ្លាញ​សាជាថ្មី​

234

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi តែងតែ​ត្រូវ​បាន​គេ​តាម​យាយី​ដោយ​ខ្សែ​ការពារ ដោយសារ​សមត្ថភាពប៉ិនប្រសព្វ​ពី​ធម្មជាតិ​របស់​គេ​។ ​រូបសំណាក​របស់​ខ្សែប្រយុទ្ធ Barcelona, Lionel Messi ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ទីក្រុង Buenos Aires ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ជា​លើក​ទី​ពីរ​ក្នុង​ឆ្នាំ​នេះ​។

 

​​រូបសំណាក​ដែល​ស្រោម​ដោយ​សំរិទ្ធ ត្រូវ​បាន​គេ​កាត់​ដាច់​ត្រឹម​កជើង បន្សល់ទុក​តែ​ខ្លួន​នៅ​លើ​កម្រាល​ថ្មី​។ ​ចាប់​តាំង​ពី​សាងសង់ និង​យក​មក​ដាក់​នៅ​តំបន់ Paseo de la Gloria ទីក្រុង Buenos Aires នៅ​ខែ​មិថុនា​ឆ្នាំ2016 រូបសំណាក Messi ត្រូវ​បាន​គេ​បំផ្លាញ​ម្តង​រួច​មក​ហើយ​កាលពី​ខែ​មករា​ដោយ​កាត់​ដាច់​ជា​ពីរ​ត្រឹម​ចង្កេះ​។ ​Lionel Messi ម្ចាស់​ជ័យ​លាភី​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ 5លើក រក​បាន 3គ្រាប់​ម្នាក់ឯង​យកឈ្នះ​អេ​ក្វា​ដ័​រកា​ល​ពី​ខែតុលានាំ​ក្រុម​អា​ហ្ស​ង់​ទីន​បាន​កៅអី​ទៅ World Cup ឆ្នាំក្រោយ​ទាំង​ព្រលឹង​ចុង​សក់​។

​​ថ្វីបើ​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​របស់​គេ អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន​មួយ​ចំនួន​ក៏​មិន​ពេញចិត្ត​កីឡាករ​វ័យ 30ឆ្នាំ​នេះ​ដែរ ដោយ​ពួកគេ​គិតថា Messi ជួយ​ក្លឹប​អាជីព Barcelona ឈ្នះ​ពាន​ច្រើន​រាប់មិនអស់ តែ​រក​ពាន​មួយ​មិនបាន​ឲ្យ អា​ហ្ស​ង់​ទីន ជាពិសេស​គឺ​ចុងក្រោយ​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2014 និង Copa America ពីរ​លើក​ជាប់​គ្នា​។ ​Messi ធ្លាប់​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ដ៏​ភ្ញាក់ផ្អើល​កាលពី​ខែ​មិថុនា​ឆ្នាំមុន តែ​ក៏​ប្រែចិត្ត​វិញ​ពីរ​ខែបន្ទាប់​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ