អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ភ្នំភ្លើង​លើក​ឡើង​ថា ភ្នំភ្លើង Mount Agung ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​មាន​ការ​កម្រើក​ខ្លាំង​

34

ឥណ្ឌូនេស៊ី៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភ្នំភ្លើង ដែល​ស្ថិតនៅ​ចម្ងាយ ១២​គីឡូ​ម៉ែត្រ​ពី​ភ្នំភ្លើង​ Mount Agung របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ភ្នំភ្លើង​នៅ​តែ​មាន​សកម្មភាព​កម្រើក​ដ៏​ខ្លាំងក្លា ហើយ​ថា​គេ​នៅមិនដឹងច្បាស់​ទេ​ថា ​តើ​សម្ពាធ​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ផ្ទុះ​ចេញ​នៅពេលណានោះ​ទេ​។​

​ភ្នំភ្លើង Mount Agung នៅតែ​បន្ត​ព្រួស​ផ្សែង​ផេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ។ ក្រុម​អ្នក​វិទ្យាសាស្ត្រកំពុង​តាមដាន​ការ​រញ្ជួយ​ដី​ ដែល​នៅតែ​បន្ត​នៅ​ខាងក្រោម​ភ្នំភ្លើង។ លោកបណ្ឌិត Devy Kamil Syahbana ជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ភ្នំភ្លើង​នៃ​មជ្ឈមណ្ឌលសិក្សា​ភ្នំភ្លើង និង​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ភូគព្ភសាស្ត្រ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ សម្ពាធ​ដែល​នៅ​ក្រោម​នឹង​នៅ​ចាំតែ​ពេលវេលា​ផ្ទុះឡើងប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​ដឹង​ថា ​តើ​វា​នឹងផ្ទុះ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ប៉ុណ្ណានោះ​ទេ​។ ​ភ្នំភ្លើង Mount Agung នេះ​បាន​ផ្ទុះ​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៦៣។ ភូមិ​រាប់​រយ​ត្រូវ​បាន​បំផ្លាញ និង​មនុស្ស​ជាង ១,៦០០​នាក់​បាន​បាត់​បង់ជីវិត​៕
អត្ថបទ៖ សុខ​មាន