Tim Cahill សំរេច​ចាក​ចេញពី Melbourne City FC ដើម្បី​កៅអី​ក្នុង​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​នៅ World Cup ឆ្នាំក្រោយ​

91

បាល់ទាត់៖ ​ក្លឹប​អូស្ត្រាលី Melbourne City FC បាន​យល់​ស្របគ្នា​ជាមួយ​ខ្សែប្រយុទ្ធ​ចាស់​វស្សា Tim Cahill ក្នុង​ការ​បញ្ចប់​កិច្ចសន្យា​ដែល​នៅសល់​បី​ឆ្នាំ ខណៈ​ដែល​អតីត​កីឡាករ​របស់ Everton រូប​នេះ​ចង់​ផ្លាស់​ទៅ​ក្លឹប​ណា​ដែល​គេ​មានឱកាសចូល​លេង​បាន​ច្រើន ដើម្បី​មាន​តំណែង​មួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​នៅ World Cup ឆ្នាំក្រោយ​។

 

​​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អូស្ត្រាលី​រូប​នេះ បាន​សំរេច​ចាក​ចេញពី​ក្លឹប​ក្នុង​ឱកាស​ខួបកំណើត​វ័យ 38ឆ្នាំ​របស់​ខ្លួន​។ ​គោលដៅ​ថ្មី​របស់ Cahill មិនទាន់​មានការ​បង្ហើប​ពី​សាមីខ្លួន​នៅឡើយ តែ​គេ​សង្ឃឹម​ថា​នឹង​រក​ឃើញ​ជំរំ​ថ្មី​កាន់តែឆាប់​កាន់តែ​ល្អ​។ ​បញ្ជាក់​ថា Cahill នៅ Melbourne City រដូវ​កាល​នេះ​បង្ហាញខ្លួន​បាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​គ្រូ​បង្វឹក Warren Joyce មិនសូវ​ផ្ដល់​ឱកាស​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​។

កីឡាករ​វ័យ 38ឆ្នាំ​អតីត​កីឡាករ​របស់ Everton រូប​នេះ​បង្ហាញខ្លួន​បាន 66នាទី​នៅ​ពេល​អូស្ត្រាលី​យកឈ្នះ​ហុង​ឌុយ​រ៉ា​ស 3-1 នៅ​ស៊ីដនី​ការប្រកួត Play-Off អន្តរទ្វីប​ជើង​ទី​ពីរ បន្ទាប់ពី​បាន​ត្រឹម​ជា​កីឡាករ​បម្រុង​កាលពី​ជើង​ទី​មួយ​នៅ​ទឹកដី​ហុង​ឌុយ​រ៉ា​ស​ស្មើគ្នា 0-0​។ ​សូម​បញ្ជាក់​ថា Tim Cahill ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អូស្ត្រាលី​រក​បាន 50គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ៕

អត្ថបទ​៖​នាង សុភា​វុ​ធ