រដ្ឋ​បាលខេត្ត​កំពង់ធំ នឹង​បើក​ឲ្យ​ដំណើរការ ​អង្គភាព​ច្រក​ចេញចូល​តែមួយ ​និង​ការិយាល័យ​ប្រជា​ពលរដ្ឋ នៅ​ដើមខែ​មករា ឆ្នាំ​២០១៨ ខាងមុខនេះ

195

កំពង់ធំ​៖ ​នៅ​រសៀល​​ថ្ងៃទី ០៦ ខែធ្នូ ​ឆ្នាំ​ ​២០១៧ រដ្ឋបាលខេត្ត​កំពង់ធំ បាន​រៀបចំ​បើក​កិច្ចប្រជុំ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ​ក្នុងការ​បង្កើត​អង្គភាព​ច្រក​ចេញចូល​តែមួយ និង​ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ ​ក្រោម​អធិបតី​ភាព ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​។

ឯកឧត្តម សុខ លូ ​មានប្រសាសន៍​ថា​ ការបង្កើត​អង្គភាព​ច្រកចេញចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ ​ដើម្បី​លើកកម្ពស់​គុណភាព ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល ​តម្លាភាព ​និង​គណនេយ្យ ភាព ដែល​មាន​រយៈពេល​ខ្លី ច្បាស់លាស់ អាច​ជឿ​ទុក​ចិត្តបាន ​នៃ​ការ​ផ្តល់សេវា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ​ជូន​ប្រជាពលរដ្ឋ ​ដែល​ជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ​សម្រាប់​ប្រមូល​ផ្តុំ​ការ​ផ្តល់សេវា​រដ្ឋបាល​ លើ​វិស័យ​នានា​នៅ​កន្លែង​តែមួយ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ​និង​ឆ្លើយតប​ទាន់​ពេល​វេលា ​ស្របទៅ​ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម សុខ លូ បានបញ្ជាក់​​ទៀតថា ​សេវា​រដ្ឋបាល ដែល​អង្គភាព​ច្រកចេញចូល​តែមួយ ផ្តល់ជូន​ប្រជាពលរដ្ឋ ​គឺ​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​ចំនួន​ ដូចជា​៖ ១). ការងារ​នីត្យានុកូលកម្ម (​ការ​បញ្ជា​ក់លើ​ឯកសារ​ថតចម្លង​) ). ​ការងាររដ្ឋបាល ៣). វិស័យ​សុខាភិបាល ៤). វិស័យ​ទេសចរណ៍ ៥). វិស័យ​សាធារណៈការ ​និង​ដឹកជញ្ជូន ៦). វិស័យ​វប្បធម៌ ​និង​វិចិត្រសិល្បៈ ៧). វិស័យ​ព័ត៌មាន ៨). វិស័យ​បរិស្ថាន ៩). វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម ១០). ​វិស័យ​រ៉ែ និង​ថាមពល ១១). វិស័យ​ពាណិជ្ជកម្ម ១២). វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ១៣). វិស័យ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ និង​១៤). វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ឯកឧត្តម ​បញ្ជាក់ថា ច្រកចេញចូល​តែមួយ ​និង​ការិយាល័យ​ប្រជាពលរដ្ឋ នឹង​ចាប់​ដំណើរការ​អនុវត្ត​នៅ​ដើមខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ ដូច្នេះ​សូម​លោក​ប្រធាន​មន្ទីរ​អង្គភាព​ទាំងអស់ ​ត្រូវ​យក​ចិត្តទុកដាក់ និង​រៀបចំ​ចាត់តាំង​មន្ត្រី​ដើម្បី​ទទួលបន្ទុក​ការងារ​នេះ ​ឲ្យ​មក​បម្រើ​ការងារ​នៅ​អង្គភាព​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ​ឲ្យ​បាន​ដំណើរ​ការល្អ ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ និង​មាន​សមត្ថភាព​ធ្វើ​ការងារ ក្នុង​ការផ្តល់​សេវាសាធារណៈ ​គឺត្រូវធ្វើ​តាម​ការណែនាំ​តាម​ប្រកាស​អន្តរក្រសួង​ ដែល​បាន​កំណត់​អំពី​តម្លៃ​សេវា ​ទាំងអស់​ ក្នុង​នោះ​មិន​អាច​នរណា​ម្នាក់ កំណត់​អំពី​តម្លៃ​សេវា​នេះ​ដោយ​ខ្លួនឯង​បានទេ​៕

អត្ថបទ ៖ នុត សាវី