អគ្គ​មេបញ្ជាការ​កងទ័ព​នឹង​ប្ដឹង​ទណ្ឌិត សម រង្ស៊ី​ ពី​បទ​ញុះញង់​កងទ័ព​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល​

64

ភ្នំពេញ៖ អគ្គ​មេ​បញ្ចា​ការ​កង​យោធពល​ខេមរភូមិន្ទ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ប៉ុល សារឿន បាន​ប្រកាស​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទណ្ឌិត សម រង្ស៊ី​ទៅកាន់​តុលា​ពី​បទ​ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រាប់​ច្បាប់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ហើយក៏​បានធ្វើការ​ថ្កោលទោស​ទណ្ឌិត​រូប​នេះ​ដាច់អហង្ការ​ផងដែរ​។​

ការប្រកាស​របស់​ប្រមុខ​កងទ័ព​រូប​នេះ​ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត សម រង្ស៊ី​ នា​ពេល​បច្ចុប្បន្ន កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ធ្វើការ​ញុះញង់ តាមរយៈ​សង្គម​ហ្វេ​សបុ​ក ដោយ​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ប្រឆាំង​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី​៥​កន្លងទៅ​ថ្មីៗ​នេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ​បាន​បញ្ជាក់​ថា កងទ័ព​មិន​អាច​ទទួលយក​បានជា​ដាច់​ខាត់ ចំពោះ​ការ​លើកឡើង​របស់​ទណ្ឌិត​ សម រង្ស៊ី នេះ​ខណៈ​កងទ័ព​ស្មោះស្ម័គ្រ​ជានិច្ច​ចំពោះ​រាជរដ្ឋាភិបាល បច្ចុប្បន្ន​ ដែល​បាន​កើត​ចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះ​។

យ៉ាងណាក្តី​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​អះអាង​ទៀតថា កងទ័ព​មាន​វិន័យ​ត្រឹម​ត្រូវធ្វើ​អ្វី​ទៅតាម​ឋានានុក្រម​របស់ខ្លួន​មិន​ទៅ​ស្តាប់​តាម​ការ ញុះញង់​របស់​បុគ្គល​ក្បត់ជាតិ​ សម រង្ស៊ី​ នោះឡើយ​។​

​​ជាមួយគ្នា​នោះដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ​ក៏បាន​អះអាង​ផងដែរ​ថា កងទ័ព​ស្តាប់​រាល់ បទបញ្ជា​របស់​រាជរដ្ឋា​ភិ​បាល​ជានិច្ច​ខណៈ​មាន​បុគ្គល​ណា​ចង់​ធ្វើ​ព្យុះភ្លៀង​បំផ្លាញ​សន្តិភាព​នៅ​ប្រទេស កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។​

សូមបញ្ជាក់​ថា ភ្លាមៗ​បន្ទាប់ពី​ទណ្ឌិត​សម រង្ស៊ី បាន​និយាយ​ទាំង​បំផ្លើស​ការពិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​ឈាន​ទៅដល់​ការបែកបាក់ ហើយ​បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ងើប​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នោះ កងកម្លាំង​គ្រប់​ស្ថាប័ន​និង​អង្គភាព​ទាំងអស់ ​បាន​ចេញ​ញាតិ​ប្រតិកម្ម​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ញុះញង់ ដ៏​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ទណ្ឌិត​រូបនេះ​។ ​

យ៉ាងណាក្តី​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ​អគ្គ​មេ​បញ្ចា​ការ បាន​បញ្ជាក់​ថា ​ការលើកឡើង​របស់​ទណ្ឌិត​សម រង្ស៊ី​ នេះ​គឺ​មិនអាច​លើកលែង​ឲ្យ​បាន​នោះ​ឡើយ ហើយ កងទ័ព​នឹង​ដាក់​ពាក្យ​បណ្តឹង​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នេះ​តែ​ម្តង​៕​