ក្រសួង​ធម្មការ និង​សាសនា សហការ​ជាមួយ​អគារធិការដ្ឋាន​ពុទ្ធិក សិក្សា​ជាតិ​បើក​ការ ប្រឡង លើ​វិញ្ញាសា​ស្មូត​ធម៌ សំដែង​ធម្មទេសនា​​ និង​សូត្រ​បាតិមោក្ខ​

249

ភ្នំពេញ៖ នៅ​ពុទ្ធិកៈវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​, នា​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ​នេះ​,​ក្រសួង​ធម្មការ និង សាសនា សហការ​ជាមួយ​អគ្គារ ធិ​ការដ្ឋាន​ពុទ្ធិកៈសិក្សា​ជាតិ បើក​សម័យ​ប្រឡង​លើ​វិញ្ញាសា​ស្មូត , សំដែង​ធម្មទេសនា , និង សូត្រ​បាតិមោក្ខ ក្រោម​ព្រះ​សង្ឃា​ធិបតី សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​សម័យ​ប្រឡង​នេះ មាន​រយៈពេល​១​ថ្ងៃ ដោយមាន​បេក្ខសមណៈ និង បេក្ខជន​ចូលរួម​ចំនួន​៧៥​រូប​។

​​ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បាន​ថ្លែងថា​ នេះ​ជា​លើក​ទី​១​ហើយ ដែល បាន​បើក​អោយមាន​ការប្រឡង លើ​វិញ្ញាសារ​ស្មូត សំដែង​ធម្មទេសនា និង សូត្រ​បាតិមោក្ខ ក្នុង​គោលបំណង​អភិរក្ស និង​ថែរក្សា​ប្រពៃណី វប្បធម៌ អរិយធម៌ ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា របស់​ខ្មែរ​អោយ​បាន​គង់វង្ស​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​​ ការប្រឡង​លើ​វិញ្ញាសា​ទាំង​អស់នេះ ទាមទារ​អោយ​បេក្ខសមណៈ​សិស្ស និង​បេក្ខជន មាន​ចំណេះដឹង​ខ្ពស់ និង​ចេះ​ចាំ​នូវ ធម៌អាថ៌ ដោយ​ឆ្លងកាត់​នូវ​ការសាកសួរ​ផ្ទាល់មាត់ និង ការសូត្រ​។

សម្រាប់​វិញ្ញាសា​សូត្រ បាតិមោក្ខ ពិន្ទុ​បាន​អោយ​ទៅលើ​៣​ប្រភេទ រួមមាន​៖ អក្ខរប្បភេទ​, ដំណើរ និង សំឡេង​សូត្រ​, និង​ឥរិយាបថ​បេក្ខជន​។ សម្រាប់​វិញ្ញាសា​ស្មូត បាន​អោយ​ពិន្ទុ​ទៅលើ សំឡេង​ទឹកដម​, ត្រូវ​តាម​បែបបទ​, អក្ខរាវិរុទ្ធ​, និង​មនោសញ្ចេតនា​។ ចំពោះ​វិញ្ញាសា​ធម្មទេសនា បាន​អោយ​ពិន្ទុ​ទៅលើ អត្ថរូប អត្ថន័យ អត្ថរស និង ឥរិយាបថ​ទេសនា​។

សម្តេច​ព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​ប​ណ្ឌឹ​ត ន​ន្ទ ង៉ែត មាន​ថេរៈ​ដីកា​ថា​​ សព្វ​ថ្ងៃនេះ វិស័យ​ពុទ្ធចក្រ កំពុងមាន​ការរីកចំរើន និង ដើរ​ទន្ទឹមគ្នា ជាមួយ​វិស័យ​អាណាចក្រ ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាមួយគ្នា នឹង​ការ​អភិ​វ​ឌ្ឈ​ន៍​លើ​វិស័យ​ពុទ្ធចក្រ , សព្វថ្ងៃនេះ អគ្គារ​ធិ​ការដ្ឋាន​ពុទ្ធិកៈសិក្សា​ជាតិ និង ក្រសួង​ធម្មការ និង សាសនា បាន​ផ្តោតទៅលើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិរក្ស នូវ​កេរ្តិ៍តំណែល​ដ៍​ល្អ​ផូរផង់ ដែល​បាន​បន្សល់ទុក​ពី​ដូនតា​របស់​យើង​។ បើ​យើង​មិន​រួមគ្នា​អភិរក្ស​ទេ អ្វីៗ​ដែលមាន​ពីមុន ឬ​ដែល​បាន​បន្សល់ទុក វា​នឹង​ប្រាស់ចាក​ពី​ធាតុ​ដើម​បន្តិច​ម្តងៗ រហូតដល់​អាច​បាត់​រូបរាង​តែម្តង ក៏ថា​បាន​៕