យោធា​កូរ៉េខាងត្បូង​អះ​អាង​ថា​ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក B-1B Lancer បាន​ហោះ​រំលង​តំបន់​ឧបទ្វីប​កូរ៉េ

164

កូរ៉េខាងត្បូង៖ យោធា​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer របស់​សហរដ្ឋ​អាមេរិក បាន​ហោះ​រំលង​តំបន់​ឧបទ្វីប​កូរ៉េកាលពីថ្ងៃ​ពុធម្សិលមិញ ដែល​ជា​ផ្នែក​មួយនៃ​សម​យុទ្ធ​លើ​អាកាស​រួម​គ្នា​ ទ្រង់ទ្រាយ​ធំជាមួយ​កូរ៉េខាងត្បូងនៅ​ក្នុង​សប្ដាហ៍​នេះ​។​យន្តហោះ​ទម្លាក់​គ្រាប់បែក​១​គ្រឿង​នេះបាន​ហោះ​ចេញពី​កោះ Guam និង​បាន​ចូលរួម​ជាមួយ​យន្តហោះ F-22 និង​យន្តហោះ​ចម្បាំង F-35 នៅ​ក្នុង​សម​យុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​។​ យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងនេះបាន​ចូលរួម​សម​យុទ្ធ ស្រប​ពេល​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំងនៅ​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ និង​ស្រប​ពេល​ដែល​ប្រធាន​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិលោក Jeffrey Feltman បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​មកកាន់​កូរ៉េខាងជើង​។ កូរ៉េខាងជើងបាន​ធ្វើការ​ព្រមាន​ថា សម​យុទ្ធ​យោធា​នេះនឹង​រុញច្រាន​តំបន់​ឧបទ្វីប​កូរ៉េ ធ្លាក់​ទៅ​ក្នុង​មាត់​ជ្រោះ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។

​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន និង​ក្រុម​មន្ត្រី​ការទូតសង្ឃឹមថា ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក Jeffrey Feltman មកកាន់​កូរ៉េខាងជើង នឹង​អាច​ជំរុញ​កិច្ច​ខិតខំ​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ ដើម្បី​​បន្ធូរ​បន្ថយ​​ភាព​តានតឹង​អន្តរជាតិ កើន​ឡើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​ ​ដោយឡែក សារ​ព័ត៌មាន​កូរ៉េខាងជើងបាន​ប្រកាស​ការ​មក​ដល់​របស់​លោក Jeffrey Feltman និង​ក្រុម​ប្រតិភូ​របស់​លោក កាលពី​ល្ងាច​ថ្ងៃ​អង្គារ ប៉ុន្តែ​ពួកគេ​មិនបាន​ផ្ដល់​សេចក្ដី​លំអិត​ណាមួយ​នោះ​ឡើយ​៕
អត្ថបទ៖ សារ៉ាត់