ការប្រកួតជើងឯក​កីឡា​វាយ​សី​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ បាន​បញ្ចប់​ដោយ​ជោគជ័យ​

28

វាយ​សី៖ ​ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិឆ្នាំ​២០១៧ បាន​បញ្ចប់​ហើយ ក្រោយ​ដំណើរការ ប្រកួត​អស់​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃ​ទី​០៣ រហូតដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ម្សិលមិញ លើ​ទីលាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ គ្រា​ដែល​ឯកឧត្ដម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​ចាត់​ទុក​ការរៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ បាន​បង្ហាញ​នូវ​សញ្ញាណ​ជោគជ័យ​ថ្មី​មួយទៀត ដើម្បី​ធ្វើ​ឲ្យ​វិស័យ​កីឡា​វាយ​សី​កម្ពុជា​កាន់តែ​រីកចម្រើន។ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ពិធី​បិទ​ការប្រកួត​ខាងលើឯកឧត្ដម លី កុសល បាន​មានប្រសាសន៍ថា នេះ​គឺជា​ឆ្នាំ​ទី​១ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទម្លាក់​កញ្ចប់​ថវិកា​ឲ្យ​សហព័ន្ធ​រៀបចំ​ជើងឯក​ជាតិ​ដោយ​ខ្លួនឯង។ ឯកឧត្ដម​ថា ការ​ផ្ដល់​សិទ្ធិ​រៀបចំ​ផ្ទាល់​ដូច្នេះជា​រឿង​ដ៏​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​កាន់​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង ហើយ​រឹតតែ​ពិសេសគឺ​សហព័ន្ធ​ធ្វើ​កំណែ​ទម្រង់ ដោយ​ការប្រកួត​ឆ្នាំនេះមាន​យុវជន​-​យុវនារី​ចូលរួម​យ៉ាង​ច្រើន​ប្រមាណ ៧០% ដែល​ជា​សញ្ញាណ​ដ៏​ល្អ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​

សូម​បញ្ជាក់​ថា ការប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ គឺ​មាន​កីឡាករ​-​កីឡា​ការិនី ចូលរួម​សរុប ១៥៣​នាក់​មកពី ១៣​ក្លឹប​-​សមាគម​ទូទាំង​ប្រទេស​ចូលរួម។ ជាមួយ​លទ្ធផល​បច្ចេកទេស​ក្រុម​កីឡា​វាយ​សី​មកពី​ក្លឹប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​សរុប ១៥​គ្រឿងមាន​មេដាយ​មាស៥ ប្រាក់៦ និង​សំរឹទ្ធ៤ គ្រា​ដែល​ក្លឹប​កីឡា​វាយ​សី​ខេត្ត​កំពង់ឆ្នាំង​ឈរ​លេខ​២ ដណ្ដើម​បាន​មេដាយ​សរុប ៨​គ្រឿង​មាន​មេដាយ​មាស៤ ប្រាក់១ និង​សំរឹទ្ធ៣។ រីឯ​ក្លឹប​កីឡា​វាយ​សី​ត្រពាំង​ស្រែ​ឈរ​លេខ​៣ ដណ្ដើម​បាន​មេដាយ​មាស​១ ប្រាក់១ និង​សំរឹទ្ធ១៕
អត្ថបទ៖ លី ឈុន​ឡា