ក្លឹប​អារ៉ាប់​រួម Al Jazira បាន​កក់​កន្លែង​ប្រកួត​ជុំ​បន្ត​នៅ​ពាន FIFA Club World Cup 2017

40

បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​ហ្គ Pro-League របស់​អារ៉ាប់​រួម Al Jazira គេ​ធ្វើ​បាន​ល្អ​ណាស់​ដោយ​បាន​កក់​កន្លែង​ប្រកួត​នៅ​ក្នុង​ជុំ​បន្ត​ហើយ​ ក្រោយ​បាន​យកឈ្នះ​ដោយ​លទ្ធផល 1-0 ទៅលើ​ក្រុម​ជើងឯក​ប្រចាំ​ទ្វីប​អូសេអានី Auckland City របស់​ញូ​ហ្ស៊ី​ឡេ​ន​កាល​រាត្រី​យប់មិញ​នេះ​ក្នុង​កីឡដ្ឋាន Al Ain។​​ក្រុម​ភ្ញៀវ Auckland City ជា​អ្នក​មានឱកាស​មុន​ តែ​ធ្វើ​មិនបាន​សម្រេច​ឡើយ​ដោយ​ត្រូវ​អ្នកចាំទី​ម្ចាស់ផ្ទះ​ជួយសង្គ្រោះ​បាន មុន​ពេល​ដែល​ក្រុម Al Jazira វាយបក​ត្រឡប់មកវិញ​នៅ​ចុង​ម៉ោង​វគ្គ​ទី​១ ​នាទី​ទី​៣៨​ ដោយ​ថ្វី​ជើង​ដ៏​ល្អ​ពី​កីឡាករ​ខ្សែប្រយុទ្ធ Romarinho ពីលើ​ដំបូលទូក​ជាង ​២០​ម៉ែត្រ​បាន​បើក​ការ​នាំមុខ 1-0។​ ​ហើយ​ការប្រកួត​បន្ត​នៅ​ ៤៥​នាទី​ចុងក្រោយ​ក្រុម​ភ្ញៀវ Auckland City ដែលជា​ជើងឯក Champions League នៅ​អូ​សេ​អា​នី​បាន​ដាក់​សម្ពាធ​ជា​ខ្លាំង​ទៅ​ម្ចាស់ផ្ទះ​ ដោយ​វាយលុក​នៅ​ដើម​តង់​ច្រើន​លើក​ច្រើន​សារ​តែ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ​ដោយ​រក្សា​លទ្ធផល 1-0 នេះ​រហូតដល់​ចប់​ការប្រកួត​តែ​ម្តង។

តាមរយៈ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Al Jazira ឡើង​ទៅ​លេង​ជុំ​ទី​២ ​បន្ត​ជួប​ក្រុម​ជើងឯក​ក្រប​ខណ្ឌ AFC Champions League ជប៉ុន Urawa Red Diamond នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​ខាងមុខនេះ​នៅ​កីឡដ្ឋាន​ទីក្រុង Abu Dhabi ខណៈ​ដែល​ក្រុម​ជើងឯក​ពាន UEFA Champions League អធិរាជ​ស Real Madrid អង្គុយ​រង់​ចាំ​ជួប​ក្រុម​ឈ្នះ​រវាង​ក្រុម​ទាំងពីរ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ៕

 

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ