ចំណូល​ពន្ធគយ ​​ខេត្តតាកែវ ​​សម្រាប់​​​ខែ​វិច្ឆិកា​ កន្លងទៅ ​មានការ​ធ្លាក់​ចុះ​​ជាង​៧​ភាគរយ​

24

តាកែវ ៖ ចំណូល​ពន្ធគយ​ខេត្តតាកែវ​ ដែល​ប្រមូល​បាន​​សម្រាប់​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ កន្លងមក​​នេះ ​មានការ​ធ្លាក់​ចុះ​ប្រមាណ​​៧​ភាគរយ​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​សាខា​គយ​ និង​រដ្ឋាករ​ខេត្តតាកែវ​ ​ដែល​បាន​ផ្ញើ​ជូន​មក​ក្រុម​ប្រឹក្សា​ខេត្តតាកែវ​។

របាយការណ៍​​ ដដែល​បានបន្ដ​ថា ​​​ចំណូល​ពន្ធគយ​ដែល​ប្រមូល​បាន​ពី​ច្រកទ្វា​ទាំង​៣​ នៅក្នុង​ខេត្តតាកែវ​ គឺ​ច្រកទ្វា​​អន្តរជាតិ​ភ្នំ​ដិ​ន​ ស្ថិតនៅ​ស្រុក​គីរីវង់ ​ច្រកទ្វា​ទ្វេភាគី​កំពង់​ក្រសាំង ​ស្ថិតនៅក្នុង​ស្រុក​បូរី​ជលសា ​និង​ច្រក​ទ្វា​បាក់ដៃ ​ដែល​នៅ​ក្នុង​ស្រុក​អង្គ​បូរី​ ហើយ​ដែល​ច្រកទ្វា​ទាំង​៣​នេះ ​មាន​ព្រំប្រទល់​ជាប់​ និង​ព្រំដែន​ប្រទេស​វៀតណាម ​ប្រមូល​ចំណូល​បាន​ប្រមាណ​ តែ​១​ពាន់​៧​រយ​លាន​រៀល​ ដែល​ស្មើ ​និង​៥២,២២​ ភាគរយ​នៃ​ផែនការ​ប្រចាំខែ ។ ​ចំណូល​នេះ ​បើ​ប្រៀបធៀប​ និង​ខែតុលា​កន្លងទៅ​ ដែល​ប្រមូល​បាន​ជាង​១​ពាន់​៨​រយ​លាន​រៀល​គឺ​មាន​ការ​ធ្លាក់ចុះ​ប្រមាណ​៧,៣០​ភាគរយ​។

លោក យស់ ណា​ស៊ី អភិបាលរង​ខេត្ត​ និង​ជា​អ្នក​ពាក្យ​សាលាខេត្ត​តាកែវ​ បាន​ថ្លែង​បញ្ជាក់​ពី​មូលហេតុ​ នៃ​ការធ្លាក់​ចំណូល​ពន្ធគយ​នេះ​ថា ​បណ្ដាល​មក​ការ​នាំ​ទំនិញ​នាំចូល​ប្រទេស​កម្ពុជា​តាម​ច្រកទ្វា​ទាំង​៣​ នៅក្នុង​ខេត្តតាកែវ​ នៅ​ចុង​ឆ្នាំមាន​ការធ្លាក់ចុះ​។ ទំនិញ​មួយ​ចំនួនធំ​ត្រូវ​បាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ តែ​ដើមឆ្នាំ​ប៉ុណ្ណោះ ។

លោក​អភិបាលរង​ខេត្ត​ បាន​សំដែង​នូវ​ក្ដី​រំពឹងថា ​ស្ថានភាព​ចំណូល​ពន្ធគយ​នៅ​ក្នុង​ខេត្តតាកែវ ​និង​មាន​ភាព​ល្អប្រសើរ​ឡើងវិញ​ជាក់​ជា​ពុំខាន​នៅ​ដើម​ឆ្នាំ​២០១៨​ ខាងមុខនេះ​។

គួ​របញ្ជាក់ថា​ ចំណូល​ពន្ធគយ​ដែល​សាខាគយ​និ ង​រដ្ឋាករ​ខេត្តតាកែវ​ ប្រមូល​បាន​តា​ម​ច្រកទ្វា​ទាំង​៣​ភាគច្រើន ​បាន​មកពី​ការ​នាំចូល​ទំនិញ​ចូល​ពី​ប្រទេស​វៀតណាម ​ដែល​ទំនិញ​នាំចូល​ទាំង​អស់​នោះ​រួមមាន​ដែក ​ផ្លែឈើ ​បន្លែ ​ប្រេងឆា​ ខ្ទឹម​ស និង​សម្ភារៈ​សំណង់​មួយ​ចំនួនទៀត​៕