ក្រុម​អ្នក​តវ៉ា​ដុត​ទង់ជាតិ​អាមេរិក​ និង​អ៊ីស្រាអែល ​មុន​ក្ដី​រំពឹង​ដែល​ថា​លោក ​ត្រាំ​ នឹង​ប្រកាស​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល

120

កាហ្សា៖ ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​តំបន់​កា​ហ្សាបាន​តវ៉ា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ជុំវិញក្ដី​រំពឹង​នឹង​ការ​មានការ​ប្រកាស​ទទួលស្គាល់​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​របស់លោក ត្រាំ​។ ​ក្រុម​អ្នក​តវ៉ា​បាន​ដុត​ទង់ជាតិ​អាមេរិក និង​អ៊ីស្រាអែល ដោយ​ក្រវី​ទង់​ជាតិប៉ា​ឡេ​ស្ទី​ន ​និង​ស្រែក​គាំទ្រ​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​។លោក​ប្រធានាធិបតីអាមេរិក Donald Trump បាន​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ ជា​រដ្ឋធានីរបស់រដ្ឋ​អ៊ីស្រាអែលនៅ​ថ្ងៃ​ពុធ​ម្សិលមិញ ​និង​បាន​ប្រកាស​គម្រោង​មួយ​ចំនួន​ ដើម្បី​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ដែល​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែលពី​ទីក្រុង Tel Aviv មកកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹមវិញ ដែល​ជា​សកម្មភាព​ត្រូវ​គេ​រំពឹង​ថា នឹង​ដុត​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​នេះ និង​រំលាយ​ក្ដី​សង្ឃឹម​ក្នុង​ការ​ចរចា​រក​សន្តិ​ភាពរវាងអ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​ ​ក្រុម​ហា​ម៉ា​បាន​ហៅ​ការ​ទទួល​ស្គាល់​ទីក្រុងហ្ស៊េ​រុយ​សា​ឡឹម​ ជា​រដ្ឋធានី​របស់​អ៊ីស្រាអែលពី​សំណាក់​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ប្រកាស​ដោយលោកប្រធានាធិបតី Donald Trump កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ជាការ​សម្រេចចិត្ត​ដ៏​គ្រោះ​ថ្នាក់​​។

ចំណែក​ប្រមុខ​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas កាលពី​ថ្ងៃ​ពុធ​បាន​ច្រានចោល​​សេចក្ដី​ប្រកាសរបស់​លោកប្រធានាធិបតី Donald Trump ដែលទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ​និង​ការផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡឹម​៕

អត្ថបទ៖ សុខ​មាន