Philippe Coutinho ស៊ុត​ ៣​គ្រាប់​នាំ​ជ័យជំនះ​ឲ្យ​ហង្ស​ក្រហម Liverpool លត់ Spartak Moscow 7-0

53

បាល់ទាត់៖ ​ការប្រកួត​ចុងក្រោយ​នៅ​ក្នុង​ពូ​ល E ក្រុម​ហង្ស​ក្រហម Liverpool បាន​បើក​កីឡដ្ឋាន​ចំណាស់​របស់​ខ្លួន Anfield ទទួល​ស្វាគមន៍​ក្រុម​មកពី​រុស្សី Spartak Moscow កាលពី​រាត្រី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ។​​ការប្រកួត​ចាប់ផ្ដើម​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជិត​ ៥​ម៉ឺន​នាក់​ កីឡាករ​ប្រធាន​ក្រុម​នៃ​ហង្ស​ក្រហម Liverpool ជម្រើស​ជាតិ​ប្រេ​ស៊ី​ល Philippe Coutinho មានឱកាស​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​បាន​សម្រេច​នៅ​ត្រឹម​នាទី​ទី​៤ បន្ទាប់ពី​កំហុស​ខ្សែ​ការពារ​បំពាន​ទៅលើ Mohamed Salah។​ ​ម្ចាស់ផ្ទះ​កាន់តែ​លេង​បាន​ល្អ​នៅ​ពេល​ដែល​សហការ​គ្នា​ស្វែងរក​គ្រាប់​ទី​២​ ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ពី​ការ​ស៊ុត​បាន​ល្អ​ដោយ​ខ្សែប្រយុទ្ធ Philippe Coutinho ដដែល​នៅ​នាទី​ទី១៥ ដែល​លើក​នេះ Roberto Firmino ជា​អ្នក​ប​ញ្ចូ​ន​បាល់​ឲ្យមុន​ពេល​ដែល​មិត្ត​រួម​សញ្ជាតិ​ប្រេ​ស៊ី​ល​និង​រួម​ក្លឹប Firmino ខ្លួនឯង​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​ទី១៩ បញ្ចប់​ការប្រកួត​នៅ ៤៥​នាទី​ដំបូង Liverpool នាំមុខ 3-0 ទៅលើ Spartak Moscow។ ​​ឈាន​ចូល​ដល់​វគ្គ​ទី​២​ អ្វីៗ​នៅតែ​ល្អ​ប្រសើរ​ដដែល​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ Liverpool ពោល​គឺ​ពួកគេ​អាច​ស្វែង​រក​បាន​ដល់​ទៅ​ ៤​គ្រាប់​បន្តបន្ទាប់​គ្នា​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ Sadio Mane ស៊ុត​វ៉ូ​ឡេ​បំប៉ោង​សំណាញ់​ទី​គូប្រកួត​បាន​យ៉ាង​អស្ចារ្យ​នៅ​នាទី​ទី៤៧ ដើមតង់​ដើម្បី​នាំមុខ 4-0 ហើយ​មួយ​គ្រាប់​នេះ​ពិតជា​ពេញចិត្ត​ពេញ​ថ្លើម​ជា​ខ្លាំង​ពី​គ្រូ​បង្វឹក Jurgen Klopp។

រីឯ​កីឡាករ​វ័យ ២៥ឆ្នាំ Coutinho ដែល Barcelona ប្រាថ្នា​យក​មក​រួមរស់​ជាមួយ​សម្រេច​បាន​គ្រាប់​ទី​៣ ​យក Hat-Trick បន្ទាប់ពី​ស៊ុ​ក​បុក​នឹង​ខ្សែ​ការពារ​នាំមុខ 5-0។ មិនទាន់​ចប់​នៅឡើយ​កីឡាករ​ស្បែក​ខ្មៅ Mane សញ្ជាតិ​សេ​នេ​ហ្គា​ល់វ័យ ២៥ឆ្នាំ​រូប​នេះ​ក៏​រក​គ្រាប់​ទី​២​ របស់​ខ្លួន​បាន​ដោយ​ក្បាច់​ពិសេស​ដើម្បី​នាំមុខ 6-0 នៅ​នាទី​ទី៧៦ មុន​ពេល​ដែល​កីឡាករ​ប្រឹង​ជាងគេ​ក្នុង​ការ​ប្រកួត​សញ្ជាតិ​អេ​ហ្ស៊ី​ប Mohamed Salah សញ្ជាតិ​អេ​ហ្ស៊ី​បរក​គ្រាប់​ដំបូង​របស់​ខ្លួន​បាន​នៅ​ហៀ​ប​ចប់​ការប្រកួត​នាទី​ទី៨៦ ដែល​ប​ញ្ចូ​ន​ចេញពី James Milner។​ ​តាមរយៈ​ជ័យជំនះ​នេះ​បានធ្វើ​ឲ្យ​ហង្ស​ក្រហម Liverpool ធានា​បាន​កៅអី​លេខ​១ ​ក្នុង​ពូ​ល E ដោយមាន 12ពិន្ទុ​ពី​ការប្រកួត​ ៦​លើក ខណៈ​ដែល​លេខ​២ ​ក្រុម​អេ​ស្ប៉ា​ញ Sevilla មាន​ ៩​ពិន្ទុ ចំណែក​ឯ​ក្រុម Spartak Moscow វិញ​មិនទាន់​អស់​ការប្រកួត​ឡើយ ដោយ​ពួកគេ​មាន​កៅអី​លេង​ជុំ ​៣២​ក្រុម​ចុងក្រោយ​បន្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​អឺរ៉ុប​លំដាប់​ទី​២ គឺ Europa League៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ