មន្ត្រី​​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​នៅតែ​បន្ត​ណែនាំ​​ពី​ទំនិញ​គ្មាន​កាលបរិច្ឆេទ​ ហួស​សុពលភាព​ដល់​អ្នក​ប្រើប្រាស់​

25

បន្ទាយ​មាន​ជ័យ ៖​ មន្ត្រី​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​បាន​លើក​ឡើង​ថា ​​​ទោះ​បី​ក្រុម​អាជីវករ​ និង​ពលរដ្ឋ​យល់ដឹង​ច្រើន​ពី​គុណភាព​ម្ហូបអាហារ​យ៉ាងណា​ក៏​ដោយ ​ក៏​មន្ត្រី​របស់​យើង​​ នៅ​តែ​បន្ដ​​ផ្សព្វផ្សាយ​ណែនាំ​ រាល់​ទំនិញ​គ្មាន​កាលបរិច្ឆេទ ​ច្បាស់លាស់ ​ហួស​សុពលភាព​ប្រើប្រាស់​ និង​ខូច​គុណភាព ​មិន​ត្រូវ​តាំង​លក់​នឹង​ លក់​ទៅ​អោយ​អ្នកទិញ​យក​ទៅ​បរិភោគ​ឡើយ​។

លោក ស៊ាន ស៊ី​ណាត​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ ​លើកឡើង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក ​ដឹកនាំ​កម្លាំង​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​ ចុះ​ពិនិត្យ ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​ បឹង​ត្រកួន​​ ស្ថិតក្នុង​ភូមិ​បឹង​ត្រ​កួន​ ឃុំ​បន្ទាយ​មាន​រឹទ្ធិ​ស្រុក​ថ្មពួក ​កាលពី​ព្រឹក​ថ្ងៃទី​០៧​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​។

លោក ស៊ាន ស៊ី​ណាត​ ​​បាន​​បញ្ជាក់​ទៀតថា ​​ការ​ចុះ​ត្រួត​ពិនិត្យឃើញថា​ ការ​ដាក់​តាំង​លក់ទំនិញ​និង​ម្ហូបអាហារ​ពី​អាជីវក​ក្នុង​ផ្សា​របឹង​ត្រកួន ​សុទ្ធតែ​ល្អ​រហូត​បាន​៩០%​ នៅ​ទំនិញ​មួយ​ចំនួន​តូច​ដូចជា​ ត្រណាប់​កន្ទួត ​និង​កម្ទេច​មី​ ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​នៅ​មាន​ការ​តាំង​លក់​ត្រូវ​បាន​ដកហូត​ធ្វើ​កិច្ចសន្យា​ឈប់​លក់​ទៀត​។​ក្រៅពីនោះ​ លោក​បាន​ដឹកនាំ​ពិនិត្យ ​និង​ពិសោធន៍​រក​សារ​ធាតុគីមី​លើ​សណ្តែក​បណ្តុះ ​ក្បាល​ត្រីងៀត ​ប្រហុក​ឃើញថា ​ពុំ​មាន​សារធាតុ​គីមី​នោះទេ​។

លោក​ប្រធាន​សាខា​កាំកុងត្រូល ​បន្ថែមទៀតថា ​ទំនិញ​ដែល​ដែល​តាំង​លក់​គ្មាន​ស្លាក​សញ្ញា អាសយដ្ឋាន ​ត្រឹមត្រូវ ​នៅពេល​អ្នកទិញ​ទទួលទាន​មាន​បញ្ហា​ដល់​សុខភាព​យើង​មិន​អាច​រកឃើញ​អ្នក​ដែល​ទទួលខុស​ត្រូវ​បាន​ឡើយ​។​ដូច្នេះ​ គប្បី អ្នកលក់​ទាំងអស់​ត្រូវ​ចូលរួម​ទាំង​អស់គ្នា​កុំ​ទទួល​ទិញ​យក​មក​លក់​ឡើយ​។​មួយវិញទៀត​ចំពោះ​ទំនិញ​ដែល​ហួស​សុពលភាព​ប្រើប្រាស់​ នឹង​ខូច​គុណភាព​មន្ត្រី​ជំនាញ​មិន​អនុញ្ញាត​អោយ​ដាក់​តាំង​លក់​ទេ ​ព្រោះថា​ ទំនិញ​ទាំងនេះ​វា​ជា​ប្រភព​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព​អ្នកប្រើប្រាស់​៕