ខេត្ត​កំពង់ធំ​​ រក​ឃើញ​ពលករ​ចំនួន​៤២៨​នាក់​ មកពី​សញ្ជាតិ១៣​ផ្សេងគ្នា​ ​កំពុង​ស្នាក់​នៅ​ធ្វើការ

32

 

កំពង់ធំ​ ៖ ​អាជ្ញាធរ​ខេត្តកំពង់ធំ ​បាន​បញ្ជាក់ថា ​ឆ្នាំ​២០១៧​​​ ក្រុមការងារ​ជំនាញ​អន្តោប្រវេសន៍ ​និង​អន្តរក្រសួង​ ចុះ​ធ្វើ​អធិការកិច្ច ចំនួន ៥១​ទីតាំង ក្នុង​នោះ​បាន​រក​ឃើញ​ពលករ ចំនួន ៤២៨​នាក់​ មកពី​សញ្ជាតិ ១៣​ផ្សេងគ្នា​ ដែល​មាន ៤១៨​នាក់​ មាន​ឯកសារ​ស្របច្បាប់ ​និង​១០​នាក់ ​ផ្សេងទៀត ​ដែល​ធ្វើ​ការងារ​ មិន​ស្របច្បាប់​ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ថៃ ចិន និង​ជនជាតិ​អាមេរិកផងដែរ​។

ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ​និង​ឯកឧត្តម ឧត្តម​សេនីយ៍ ​ឯក វ៉ា ឈូ​រ៉ា ​អគ្គនាយករង​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ​ ថ្លែង​​ក្នុង​កិច្ចប្រជុំ ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី ១៥​ ខែសីហា ​ឆ្នាំ​២០១៧ ​ស្តីពី​ការលុបចោល​ និង​ដកហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​កាន់​កាប់ ប្រើប្រាស់​ក្នុង​ខេត្តកំពង់ធំ ​នៅ​ព្រឹក​ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ ។

ឯកឧត្តម គង់ វិមាន ​បានលើក​បញ្ជាក់​ទៀត​ថា ខេត្តកំពង់ធំ​ នៅ​​ឆ្នាំ ២០០២ មាន​ជនអន្តោប្រវេសន៍​ចំនួន ២៩៣ គ្រួសារ​ ក្នុងនោះ​ចំនួន ១.១០៦​នាក់ ជា​ជនជាតិ​វៀតណាម​។ រីឯ​ឆ្នាំ​ឆ្នាំ​២០១៥២០១៦ មាន​ជនអន្តោប្រវេសន៍​ចំនួន​៣៨១​គ្រួសារ​ ក្នុងនោះ​ចំនួន ១.២១០​នាក់ មានការ​កើន​ឡើង​ចំនួន ១០៤ នាក់​ មាន​បី​ជនជាតិ គឺ វៀតណាម ថៃ និង​ឡាវ​។ ដោយ​មើល​ឃើញ​ចំនួន​នៃ​ការ​កើនឡើង​ជន​អន្តោប្រវេសន៍ ថ្នាក់ដឹកនាំ​ខេត្ត ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការគ្រប់គ្រង​ជនបរទេស​មិនមែន​អន្តោប្រវេសន៍ ។

សម្រាប់​ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ​ហែម ថេ​ង ​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន ​អន្តោប្រវេសន៍​ មាន​ប្រសាសន៍​ថា ការលុបចោល និង​ដកហូត​រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ ដែល​ជនបរទេស​កំពុង​កាន់​កាប់​ប្រើប្រាស់​ គឺជា​គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​គ្រប់គ្រង​ និង​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម ​ដែល​និយាយថា​ ប្រទេស​កម្ពុ​ជា ​មាន​ជនអន្តោប្រវេសន៍​រស់នៅ​ដោយ​ខុសច្បាប់​។ ​

ឯកឧត្តម ​បន្តថា ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​មាន​ភាព​រលូន និង​ទទួល​បាន​ភាព​ជោគជ័យ រាជរ​ដ្ឋា​ភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ​អន្តរក្រសួង​ដែល ​មានការ​ចូលរួម​ចំនួន​បួន​ក្រសួង​គឺ ១. ក្រសួងការបរទេស ​មានការ​ត្រួតពិនិត្យ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ២. ក្រសួងយុត្តិធម៌​ ដែល​មាន​ស្ថាប័ន​តុលាការ​ ៣. ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង ៤​. ក្រសួងមហាផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដោយមាន​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នកដឹកនាំ ​មាន​ភារកិច្ច​អនុវត្ត​ចំនួន​៤ ​ករណី គឺ ១,កា​រ​បញ្ចូល​ និង​អនុវត្ត​លើ​ចំណុច​ខ្វះខាត​ដែល​មាន​ចាប់​តាំងពី​ឆ្នាំ​២០០២ ​នៃ​រយៈពេល​ដ៏​យូរ​នេះ ២, ជា​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី​ មានន័យថា ​ការធ្វើ​ឯកសារ​ដែល​មិនទាន់​សមស្រប​ទៅតាម​ច្បាប់ ៣, អ្នក​កាន់​ឯកសារ​អត្តសញ្ញាណ​កម្ម ​និង​៤, អ្នក​ស្នាក់នៅ​យូរ ដែល​អ្នក​ទាំង​បួន​ជំពូក ​ត្រូវ​មក​អនុវត្តន៍​តាម​អនុក្រឹត្យ​ លេខ ១២៩ អនក្រ​.​បក​ ស្តីពី​ការលុបចោល ​និង​ដកហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ​ដែល​ជនបរទេស​កំពុង​កាន់​កាប់​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម​ បន្ថែមទៀតថា ​ការអនុវត្ត​នូវ​ការងារ​ទាំងអស់នេះ​ជា​ ជម្រើស​ដ៏​ល្អ​សម្រាប់​ពួក​ជន​អន្តោប្រវេសន៍​ដែល​ចង់​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ​ក្នុង​ការ​ផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់​ ដែលមាន​ការ​ទទួល​ស្គាល់​ ដោយ​នីតិរដ្ឋ ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ជនអន្តោប្រវេសន៍​ នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅវិញទៅមក​ នៅក្នុង​ប័ណ្ណ​មាន​ឈី​ប​ ដែល​បាន​បញ្ចូល​នូវ​សមាជិក​គ្រួសារ​របស់​ពួកគាត់ ​កូនៗ​របស់គាត់​ មាន​សិទ្ធិ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ អាច​ទៅលេង​ប្រទេស​ខ្លួន​ ដោយ​ធ្វើ​ការ​ប្តូរ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍​ជូន​ដល់​ពួកគាត់ ​ជាពិសេស​នោះ​ក្រោយពី​ការ​ចុះ​សញ្ជាតិ​រួចហើយ ពួកគាត់ ​អាច​រៀន​អក្សរ​ខ្មែរ​ និង​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ​បាន​។

ជា​ចុងក្រោយ ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ​​បាន​​អំពាវនាវ និង​ផ្ដាំផ្ញើ ឲ្យ​បងប្អូន​អន្តោប្រវេសន៍​ទាំងអស់​ធ្វើការ​សហការ​​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ការងារ ​ប្រកបដោយ​តម្លាភាព ​និង​សុក្រឹតភាព​ក្នុង​គោល​ដៅ​ចូលរួម​គោរព​ច្បាប់ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ចៀសវាង​ការរស់នៅ​ដោយ​មិន​មាន​ការ​ទទួលស្គាល់​ដោយ​អាជ្ញាធរ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​៕