កង​កម្លាំង​ចម្រុះ​​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​​​ទីតាំង​ក្រុម​ហួរទី​ក្នុង​ទីក្រុង​សាណា​​

64

យេមែន៖ សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ បាន​បង្កើន​ការ​វាយប្រហារ​​​តាម​អាកាស​​​​​​ទៅ​លើ​​ប្រទេស​យេមែន​​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ ខណៈ​ដែល​​​ក្រុម​ចលនា​ប្រដាប់​អាវុធ​ហួរទី​ បាន​រឹត​បន្តឹង​ការ​កាន់​កាប់​​របស់​នៅ​ក្នុង​ទីក្រុង​សាណា​ បន្ទាប់​ពី​ខ្លួន​បាន​​សម្លាប់​លោក​ អាលី អាប់ឌុលឡាស់ សាឡេស​ ដែល​ជា​អតីត​ប្រធានាធិបតី​​ប្រទេស​យេមែន​​ ដែល​បាន​​​ដក​ខ្លួន​​ឈប់​គាំទ្រ​​ពួក​ហួរទី​ក្នុង​សង្គ្រាម​​ស៊ីវិល​​មួយ​នេះ។

អ្នក​រស់​នៅ​​​ក្នុង​ក្រុង​សាណា​​ត្រូវ​បាន​បង្ខំ​ចិត្ត​ ចាក​ចេញ​ពី​លំនៅឋាន​ដែល​​រង​ការ​បំផ្លាញ​ ដោយ​សារ​តែ​មាន​ការ​វាយប្រហារ​​​តាម​អាកាស​ជា​ច្រើន​ទៀត​​ ដោយ​បាន​បោះ​បង់​ចោល​​ទ្រព្យ​សម្បត្តិ​​របស់​ខ្លួន​។ ​អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​ បាន​ចាប់ផ្ដើម​វាយ​ប្រហារ​តាម​អាកាស​រាប់​សិប​​​លើក​ ទៅ​លើ​​ទីតាំង​​ក្រុម​ហួរទី​​ក្នុង​ក្រុង​សាណា​ និង​ខេត្ត​​មួយ​ចំនួន​​ដែល​នៅ​ក្បែរ​​នោះ ហើយ​​​ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឡើង ​​មួយ​ថ្ងៃ​បន្ទាប់​ពី​កូន​ប្រុស​​របស់​លោក​អតីត​ប្រធានាធិបតី​​ សាឡេស ​សច្ចា​ថា​​ដឹកនាំ​យុទ្ធនាការ​​​មួយ​ប្រឆាំង​​ក្រុម​ហួរទី ​​ដែល​មាន​​ប្រទេស​អ៊ីរ៉ង់​​ជា​​អ្នក​ជួយ​គាំទ្រ។

ស្ថានីយ​ទូរទស្សន៍​​អាល់ម៉ាស៊ីរ៉ាស ដែល​គាំទ្រ​​ក្រុម​ហួរទី​​​នៅ​ក្នុង​ប្រទេស​យេមែន​បាន​ផ្សាយ​​ថា សម្ព័ន្ធ​យោធា​​​បាន​​​ទម្លាក់​គ្រាប់​បែក​​ទៅ​លើ​ភូមិ​​គ្រឹះ​របស់​​លោក​ សាឡេស និង​លំនៅឋាន​​ជា​ច្រើន​ទៀត​​​​ជា​សមាជិក​គ្រួសារ​របស់​លោក​ ដែល​បច្ចុប្បន្ន​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​ក្រុម​ហួរទី។ ការ​វាយប្រហារ​​តាម​អាកាស​​ទាំង​នេះ​ក៏​បាន​​ធ្វើ​ទៅ​លើ​​តំបន់​មួយ​ចំនួន​ នៅ​ខេត្ត​ភាគ​ខាង​ជើង​មាន​​ដូច​ជា​ខេត្ត​តៃ, ខេត្ត​ហាចា, ខេត្ត​មីឌី និង​ខេត្ត​សាដា៕​​​​

អត្ថបទ៖ រិទ្ធី