ក្រុម​បាល់ទាត់​ស្ត្រី​កូរ៉េខាងជើង​ហ្វឹកហាត់​ត្រៀម​ការប្រកួត​នៅ​លើ​ទឹកដី​ជប៉ុន ទោះបី​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​

28

បាល់ទាត់៖ ​ក្រុមបាល់ទាត់​ស្ត្រី​កូរ៉េខាងជើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ ត្រៀម​ការប្រកួត​ពាន​រង្វាន់ E-1 Championship នៅ​លើ​ទឹកដី​ជប៉ុន ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ចិន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។

​​ក្រុម​ស្ត្រី​កូរ៉េខាងជើង​បាន​មក​ដល់​ទឹកដី​ជប៉ុន​តាំង​ពី​ថ្ងៃ​អង្គារ ដោយ​ទិដ្ឋាការ​ត្រូវ​បាន​អនុញ្ញាត​មុន​មួយថ្ងៃ​ប៉ុណ្ណោះ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​ចិន​។ ​សារព័ត៌មាន​ជប៉ុន Kyodo បាន​ចុះផ្សាយ​ថា ជនជាតិ​កូរ៉េខាងជើង​ត្រូវ​បាន​ហាម​មិន​អោយ​ចូល​ទឹកដី​ជប៉ុន​ឡើយ ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគី​ប្រឆាំង​នឹងរ​ដ្ឋា​ភិ​បាល​ទីក្រុង​ព្យុងយ៉ាង ដែល​បាញ់​សាកល្បង​មី​ស៊ី​ល​បា​ឡេ​ស្ទិ​ក ឆ្លងកាត់​ប្រទេស​ជប៉ុន​មួយ​លើក​ជា​ពីរ​លើក​។​ ​កីឡា​ការិនី​កូរ៉េខាងជើង​ម្នាក់​ត្រូវ​បាន​អ្នកសារព័ត៌មាន ​សួរ​ពី​បញ្ហា​នយោបាយ​រវាង​ប្រទេស​ទាំងពីរ កីឡា​ការិនី Sung Hyang Sim បាន​ឆ្លើយ​ថា នាង​មិន​ខ្វល់​ឡើយ គិតតែ​មួយ​មុខ​គត់​គឺ​យកជ័យ​ជំនះ​នៅ​លើ​ទីលាន​។

​សូម​បញ្ជាក់​ថា E-1 Championship ជា​ពានរង្វាន់​មួយ​ដែល​ពី​មុនគេ​ហៅថា East Asian Cup ជា​ការ​ប្រកួត​ដែលមាន​ក្រុម​ចូលរួម​ពី​ប្រទេស​ចិន, កូរ៉េខាងជើង, កូរ៉េខាងត្បូង និង​ជប៉ុន​ទាំង​បុរស និង​នារី​។ ​ថ្មីៗ​នេះ​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ក្រុមបាល់ទាត់​ស្ត្រី​កូរ៉េខាងជើង​ឈរ​លេខ10៕
​អត្ថបទ​៖​នាង សុភា​វុ​ធ