ឥណ្ឌូនេស៊ី​ថ្កោល​ទោស​​ការ​សំរេច​​ចិត្ត​របស់​អាមេរិក​ដែល​ទទួល​ស្គាល់​​ក្រុង​ហ៊្សេរុយសាឡឹម​​​ជា​រដ្ឋ​​ធានី​របស់​អ៊ីស្រាអែល​

44
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក យ៉ូ​កូ​វី​ដូ​ដូ

ឥណ្ឌូនេស៊ី៖ ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​លោក យ៉ូកូវីដូដូ ដែល​ជា​មេដឹកនាំ​​នៃ​ប្រទេស​ដែល​មាន​​ប្រជាជន​​មូស្លីម​ច្រើន​ជាង​គេ​​បំផុត បាន​ថ្កោល​ទោស​​​ការ​សំរេច​ចិត្ត​​របស់​អាមេរិក​ ដែល​ទទួល​ស្គាល់​ក្រុង​ហ៊្សេរុយសាឡឹម​​ជា​រដ្ឋធានី​​របស់​ប្រទេស​អ៊ីស្រាអែល។

 

​​​នៅ​ក្នុង​​​កំណត់​សំគាល់​​ពិសេស​មួយ​​​នៅ​វិមាន​​ Bogor ដែល​ស្ថិត​នៅ​ជាយ​​រដ្ឋធានី​​ហ្សាកាតា​លោក វីដូដូ​ បាន​ស្នើ​ឲ្យ​​សហរដ្ឋ​អាមេរិក​​ធ្វើ​ការ​ពិចារណា​​ឡើង​វិញ​​ ទៅ​លើ​សេចក្ដី​សំរេច​របស់​ខ្លួន​​ និង​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ​​ត្រូវ​តែ​​ចូល​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​​នេះ ខណៈ​ដែល​​ការ​សំរេច​ជា​ឯកតោភាគី​​ អាច​ធ្វើ​​ឲ្យ​ខូច​​ដល់​សន្តិភាព​នៅ​ក្នុង​​ពិភពលោក​នោះ។ ​បណ្ដា​ប្រទេស​នៅ​តំបន់​​មជ្ឈិមបូព៌ា​ក៏​បាន​​សម្ដែង​ភាព​ភ្ញាក់ផ្អើល​​ផង​ដែរ​​ ទៅ​នឹង​ការ​​សំរេច​ចិត្ត​​​របស់​អាមេរិក​ ហើយ​បាន​ចាត់​ទុក​​ទង្វើ​​នោះ​ថា​​អាច​នឹង​ធ្វើ​ឲ្យ​ ការ​ស្រោច​ស្រង់​​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​ត្រូវ​បាត់​បង់​​ទៅវិញ។

លោក វីដូដូ ​បន្ត​ទៀត​ថា ឥណ្ឌូនេស៊ី​​នឹង​និយាយ​​ជាមួយ​សមាជិក​​អង្គការ​​នៃ​សន្និសីទ​​​អ៊ីសាម​​​ ដែល​នឹង​​ត្រូវ​បើក​កិច្ច​ប្រជុំ​​​ពិសេស​មួយ​ ដើម្បី​ពិភាក្សា​​ទៅ​លើ​​ការ​សំរេច​ចិត្ត​​របស់​សហរដ្ឋ​អាមេរិក​នោះ៕

អត្ថបទ៖ មករា