បណ្តឹង​ប្តឹង​លោក ​សម រង្ស៊ី រឿង​ញុះញង់​កងទ័ព​ចូល​ដល់ដៃ​តុលាការ​

122

ភ្នំពេញ ៖ ​លោក វង្ស ភក្តី មេធាវី​ការពារ​សិទ្ធិ និង​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​៦ ​ខែធ្នូ ​ដើម្បី​ប្តឹង​លោក​ សម រង្ស៊ី ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ថ្នាក់​ដឹកនាំ​ស្របច្បាប់​ ធ្វើ​ឲ្យ​ខូចចិត្ត​កងទ័ព​ និង​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពល​ខេមរភូមិន្ទ​។

ការដាក់​ពាក្យ​បណ្តឹង​នេះ យោង​ទៅលើ ​៖ ខ្សែអាត់​សំឡេង​វីដេអូ​នៅ​ក្នុង​វីស៊ីឌី ចំនួន​០១​។​ រូបភាព​ផ្តិត​ចេញ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​សម រង្ស៊ី (Sam Rainsy)​។ ​លិខិត​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ចុះ​ ថ្ងៃទី​៦​ ខែធ្នូ ឆ្នាំ​២០១៧​។

នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​ នៃ​កងយោធពល​ខេមរភូមិន្ទ ​បាន​ជម្រាប​ជូន​ព្រះរាជអាជ្ញា​ថា ​កាលពី​កំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ឈ្មោះ សម រង្ស៊ី ​បាន​ញុះញង់​ឲ្យ​កង​កម្លាំង​កុំ​ឲ្យ​ស្តាប់​បញ្ជា​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើត​ចេញពី​ការបោះឆ្នោត និង​បាន​ប្រមាថ​​​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ ដែល​អំពើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​នៃ​រដ្ឋ​ដែលជា​បទល្មើស​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​កំពុង​អនុវត្ត​។

ការដាក់​បណ្តឹង​នេះ ធ្វើឡើង​ក្រោយ​នាយ​ឧ​ត្ត​ម​សេនីយ ប៉ុល សារឿន ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រកាស​ជា​ផ្លូវការ​ប្តឹង​លោក ​សម រង្ស៊ី ទៅកាន់​តុលាការ​ពី​បទ​ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​លោក​ សម រង្ស៊ី បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ យ៉ាង​ដូច្នេះ «​សូម​កងកម្លាំងប្រដាប់អាវុធ ពលទាហាន ​និង​នគរបាល ​កុំ​ធ្វើតាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ ​បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ ​និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​»