Ronaldo នៅតែ​ជា​បុរស​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ការពារ​តំណែង​ម្ចាស់​ពាន Ballon dÓr

89

បាល់ទាត់៖ ​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​នៃ​ក្លឹប Real Madrid សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo នៅតែ​ជា​កីឡាករ​ម្ចាស់​ស្ថិត​ក្នុង​ជម្រើស​ទី​១ ​ដែល​មាន​សង្ឃឹម​ខ្ពស់​ជាងគេ​នៅ​ពេល​ប្រកាស​ថា ​នរណា​ជា​ម្ចាស់​ពាន Ballon d’Or នៅ​ឆ្នាំនេះ ​ក្នុង​ពិធី​ជួបជុំ​គ្រួសារ​កីឡា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ។

​​កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣២​ឆ្នាំ​រូប​នេះ​បាន​ជួយ​ក្រុម Real Madrid ឈ្នះ​ជើងឯក Champions League និង La Liga កាល​ឆ្នាំមុន​ ដែល​ជា​មនុស្ស​ម្នាក់​លេចធ្លោ​រ​ជាងគេ​ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​លើ​លោក​ទាំង​៧ ដែល​ត្រូវ​ប្រកាស។​ ​ប្រសិនបើ Ronaldo ក្លាយជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំនេះ​មែន​នោះគឺ​មានន័យថា​ អតីត​កីឡាករ​បិសាច​ក្រហម Manchester Untied រូប​នេះ​នឹង​មាន​កំណត់​ត្រា​ឈ្នះ​ពាន​កិត្តិយស​ស្មើ​កំណត់ត្រា​ឈ្នះ​ ៥​លើក​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទិន Lionel Messi ដែល​មាន​ឈ្មោះ​ក្នុងចំណោម ​៧​នាក់​ចុងក្រោយ​គេ​នេះ​ផង​ដែរ។

​​ក្រៅពី Messi របស់​ក្លឹប Barcelona ក្នុង​នោះ​ក៏​មាន​មិត្ត​រួម​ក្រុម​គេ​ម្នាក់​ដែរ​គឺ Luis Suarez ស្រប​ពេល​ដែល​កីឡាករ Neymar និង Edison Cavani ក៏​ស្ថិត​ក្នុង​ ៧​នាក់​ដែរ៕

ដោយ​៖ ទឹម សុវណ្ណារិទ្ធ​