ជប៉ុន​សន្យា​បន្ត​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស

49

ភ្នំពេញ ៖ ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន តាមរយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា ​បាន​សន្យា​បន្ត​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ដោយ​ផ្អែកលើ​គោល​នយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ថ្មី​ សម្រាប់​កម្ពុជា ​ដែល​ទើបតែ​បាន​រៀបចំឡើង​។

ការសន្យា​របស់ លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស៊ី​សា​ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ រូបនេះ​គឺ​បាន​ធ្វើឡើង ​ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះករុណា​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ ៨៣​យាង​ចូល​៨៤​ ព្រះវស្សា​កាលពី​ ល្ងាច​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅនេះ​ នៅ​ស្ថានទូត​ដោយមាន​មន្ត្រី​ជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ចូលរួម​។

លោក​ ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស៊ី​សា បាន​មានប្រសាសន៍ថា ​ដំណើរ​ទស្សនកិច្ច​រប​ស់​ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ប្រទេស​កម្ពុជា កា​លពី​ខែសីហា​ កន្លងទៅនេះ ​ដោយ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ស៊ីន​ហ្សួ អា​បេ ដោយ​ភាគី​ទាំងពីរ បាន​សម្ដែង​នូវ​អំណរ​សាទរ​ដល់​ខួប​២៥​ឆ្នាំ នៃ​ការ​អនុម័ត​ច្បាប់ ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិរ​បស់​ជប៉ុន ដែល​ជា​ចំណុច​ចាប់ផ្ដើម​ក្នុង​ការ​ចូលរួមចំណែក​ថែរក្សា​សន្តិភាព​នៃ​ប្រទេស​ជប៉ុន ​ហើយ​សកម្មភាព​ជាក់ស្ដែង បានចាប់ផ្ដើម​នៅ​ប្រទេស​កម្ពុជា ។

ឯកអគ្គរដ្ឋទូត​ បាន​បន្តថា “​ខ្ញុំ​ជឿជាក់ថា ចលនា​នៃ​ការ​អភិវឌ្ឍ​ពេលបច្ចុប្បន្ន នឹង​បន្ត ​ទៅមុខទៀត​ក្នុង​ឆ្នាំ​២០១៨ ​ដែលជា​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ។ ទន្ទឹម នឹង​នេះដែរ​ ជប៉ុន​នឹង​បន្ត​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ ​អភិវឌ្ឍ​ដោយ​ផ្អែក​លើ​គោលនយោបាយ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ថ្មី ​សម្រាប់​កម្ពុជា​ ដែល​ទើបតែ​បាន​រៀបចំ​ឡើង​”​។​

លោក ​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ស៊ី​សា ​បាន​បង្ហាញ​នូវ​សេចក្តី​សង្ឃឹមថា ​នៅពេលដែល​ជប៉ុន​បើក ការិ​យាល័យ​កុងស៊ុល​ នៅ​ខេត្តសៀមរាប ​នឹង​អាច​ជំរុញ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​កាន់តែ​ច្រើន​ឡើង​និង​បង្កើន​ការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។

សូម​រំលឹកថា​ ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ទី​ពីរ ដែល​បាន​ផ្តល់​ជំនួយ​ឥតសំណង​ច្រើនជាងគេ​ដល់​កម្ពុជា ​បន្ទាប់ពី​ប្រទេស​មហា​យក្ស​ចិន​។ ជំនួយ​ដែល​រដ្ឋាភិបាល​ជប៉ុន ​បានផ្តល់​ដល់​កម្ពុជា​នោះ​មាន​ដូចជា​លើកស្ទួយ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អប់រំ វិស័យ​សុខាភិបាល ​លើកកម្ពស់​យែ​ន​ឌ័​រ និង​វិស័យ​ជាច្រើន​ទៀត​។ ​ក្រៅពី ផ្តល់​ជំនួយ​ឥតសំណង​ អ្នកវិនិយោគ​របស់​ជប៉ុន​ ក៏​បានមក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ ​ខណៈដែល​ការ​មកនេះ ​គឺ​ដោយសារតែ​ប្រទេស​កម្ពុ​ជា​ មាន​សុខសន្តិភាព ​និង​ការ​អភិវឌ្ឍ​ប្រទេស​បាន​យ៉ាង​ឆាប់រហ័ស​នោះ​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ ​បាន​លើកឡើងថា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ គឺជា​មិត្ត​ជិត ស្និត​នឹង​គ្នា​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​ ហើយ​រដ្ឋា​ភិបាល​ជប៉ុន​បាន​ជួយ​ គាំទ្រ​និង​ផ្តល់​ជំនួយ​ជាច្រើន​ដល់​កម្ពុជា​។ ​ជាងនេះ​ទៅទៀត​ការដែល​ប្រទេស​កម្ពុ​ជា​ មាន​សុខ​សន្តិភាព​រហូតដល់ ​សព្វថ្ងៃនេះ ​ក៏​ដោយសារ​ការ​ជួយ​ជ្រោមជ្រែង​របស់​ប្រទេស​ជប៉ុន​ផងដែរ​។

ជាមួយគ្នា​នោះ​ឯកឧត្តម​ ហោ ណាំហុង​ ក៏បាន​ថ្លែង​អំណរ​អគុណ​យ៉ាងខ្លាំង​ ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែល​បាន​ជួយ​ដល់​កម្ពុជា​ នាពេល​កន្លងមក​រហូតដល់​បច្ចុប្បន្ន​ និង​អនាគត​ទៀត​នោះ​ ហើយ​ទំនាក់​ទំនង​របស់​កម្ពុ​ជា ​និង ជប៉ុន​គឺ​នឹង​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​លើ​គ្រប់​វិស័យ​ស្របតាម​ការ​លើក​ឡើងរ​បស់​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​៕