រដ្ឋបាលខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣ ​លើ​របៀបវារៈ​ មួយចំនួន​

35

កំពង់​ធំ ៖ នៅ​ព្រឹក​​ថ្ងៃទី ០៧ ខែធ្នូ ​ឆ្នាំ ២០១៧​នេះ ​​រដ្ឋបាល​ខេត្តកំពង់ធំ ​បាន​បើក​​​​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៣ ​របស់​ក្រុមប្រឹក្សា​ខេត្ត ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ឈុន ​ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​និង​ឯកឧត្តម ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត ​តំណាង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​ ។

របៀបវារៈ​ នៃ​កិច្ចប្រជុំនេះ ​៖ ១. ពិនិត្យ និង​អនុម័ត កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤២ របស់​ក្រុមប្រឹក្សា​ខេត្ត ២​ . ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ វិច្ឆិកា ឆ្នាំ​២០១៧ របស់​រដ្ឋបាលខេត្ត ៣. បញ្ហា​ផ្សេងៗ ។

នាឱកាស​នោះ​ ឯកឧត្តម ឈុន ឈន់ និង​ឯកឧត្តម ហួន វ៉ាន់​និ​ត បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​ខិតខំ​បម្រើ​ការងារ​កន្លងមក ទៅតាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ក្នុងនោះ​ឯកឧត្តម​ បញ្ជាក់ថា​ ក្រសួងមហាផ្ទៃ បានចេញ​នូវ​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​យន្តការ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​ប្រមូល​ផ្តុំ​កន្លែង​តែមួយ សម្រាប់​ផ្តល់ ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ​ប្រកបដោយ​គុណភាព ​ប្រសិទ្ធភាព​ ប្រសិទ្ធ​ផល តម្លាភាព​ និង​គណនេយ្យភាព ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់​ពេល​វេលា​ ស្រប​ទៅ​ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ដើមខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ​។

ឯកឧត្តម ឈុន ឈន់ និង​ឯកឧត្តម ហួន វ៉ាន់​និ​ត ​បានប្រសាសន៍​​ទៀតថា ​សម្រាប់​ខេត្តកំពង់ធំ ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ​ដែលមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ ចូលមក​ទស្សនា​ប្រាសាទ​សំបូរព្រៃគុក​ ដូច្នេះ​ យើង​ត្រូវ​ពង្រឹង​លើ​ផ្នែក​វិស័យ​ទេសចរណ៍​បន្ថែមទៀត ​ដើម្បី​ថែរក្សា​កំណើន​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់នេះ ​ឲ្យ​មានការ​កើន​ឡើង​ យើង​មានការ​យកចិត្តទុកដាក់​ទៅលើ ការ​រក្សាសន្តិសុខ ការ​ផ្តល់​នៅ​សេវា​សមរម្យ ប្រកបដោយ​គុណភាព ​និង​អនាម័យ​ ទាំង​ការ ហូបចុក ស្នាក់នៅ ជាដើម​៕