សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចាត់ទុកថា វិស័យ​ពិការ​ភាពជា​វិស័យ​អាទិភាព​ក្នុងចំណោម​វិស័យ​អាទិភាព​ដទៃទៀត

37

ភ្នំពេញ ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មានប្រសាសន៍ថា វិស័យ​ពិការភាព ជា​វិស័យ​អាទិភាព​ក្នុង ចំណោម​វិស័យ​អាទិភាព​ដទៃទៀត ​ដែល​រាជរដ្ឋាភិបាល​បាន​ និងកំពុង​យកចិត្តទុកដាក់​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ល្អប្រសើរ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​យ៉ាង​ដូច្នេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៩ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៥ ក្រោម​ប្រធានបទ ​ធ្វើឱ្យមាន​ភាពរឹងមាំ ​ស្រប​នឹង​សង្គម​មួយ​មាន​សន្តិភាព​សម្រាប់​ទាំងអស់គ្នា​។

ក្នុង​ពិធី​ដែល​ធ្វើ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី​៧​ ខែធ្នូ​នេះ ​សម្តេច​ពិជ័យ បាន​មាន​ប្រសាសន៍ថា​ ទិវា​ជនពិការ​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង ​ដើម្បី​រំលឹក​អំពី​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជន​ពិកា​រ ដែលជា​ជន​បាត់បង់​កាយសម្បទា ​កាយវិញ្ញាណ​ និង​សតិបញ្ញា ប្រមាណ ​ជាង​១​ប៊ី​លាន​នាក់​នៅក្នុង​ ពិភពលោក ដែល​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ​រារាំង​នៅក្នុង​ជីវិត​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៥០ នៅ​សហរដ្ឋអាមេរិក​និង​អឺរ៉ុប ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​នូវ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​ ក្នុង​គោលបំណង​បង្កើន​ការ យល់ដឹង​អំពី​បញ្ហា​ពិការភាព ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​ជន​ពិការ​និង​ការធ្វើ​សមាហរណកម្ម​ជនពិការ​ទៅ ​លើ​គ្រប់​សកម្មភាព ​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​ជន​ពិការ​នេះ​ឡើង​ ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ​ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ​ក្នុងនោះ​រួមមាន ស្ត្រី​មេម៉ាយ ​កុមារកំព្រា ​ជនពិការ ព្រមទាំង​គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។

ទោះជា​យ៉ាងណាក៏ដោយ សម្តេច​ពិជ័យ លើកឡើងថា ​ជនពិការ​ដែល​បន្សល់​មកដល់​បច្ចុប្បន្ន ភាគច្រើន​កើតឡើង​ដោយសារ​សង្គ្រាម ដូច្នេះ ​សម្តេច​បាន​ផ្ដាំផ្ញើ ​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​ដែលមាន​សព្វថ្ងៃនេះ ​ឱ្យ​គង់វង្ស កុំ​ជឿ​ការ​ញុះញង់​ពី​សំណាក់​ជន​អគតិ ​ដែល​តែងតែ​ព្យាយាម​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​តាមរយៈ​បដិវត្ត​ពណ៌​។

សម្តេច​មានប្រសាសន៍ថា​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ២០១៤២០១៨ ដោយ​បាន​លើកឡើង​លម្អិត​នូវ​គោល​នយោបាយ​ជា​អាទិភាព​សម្រាប់​ការអនុវត្ត ​កម្មវិធី​កំណែទម្រង់​នានា​នៃ​វិស័យ​ពិការភាព ​សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម​និង​សេដ្ឋកិច្ច ក្នុង​ទិសដៅ​បង្កើត​កាលានុវត្ត ភាព ​ការងារ​សម្រាប់​ជនពិការ ​កាត់បន្ថយ​ភាពក្រីក្រ​ និង​អភិវឌ្ឍ ការងារ​សំខាន់ៗ​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។ ជាពិសេស​ទៅទៀត​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ ជាតិ​គាំពារ​សង្គម ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន ​សំដៅ​លើកកម្ពស់​ សុខុមាលភាព​និង​សាមគ្គីភាព​សង្គម​ ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​អតិបរមា​។ សុខុមាលភាព​ជនពិការ​មាន​ភាព​ប្រសើរ​ឡើងជា​ជំហានៗ ​ស្របតាម​ដំណើរការ​វិវឌ្ឍន៍ ​និង​ភាព​រីក ចម្រើន​នៃ​ប្រទេសជាតិ​។

ជនពិការ​ត្រូវបាន​ផ្ដល់​អាទិភាព​ក្នុងការ​ជ្រើសរើស​ឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​ ៤៣​ស្ថាប័ន ដោយ​គិត​ក្នុង​ឆ្នាំ ២០១៧​នេះ មាន​ជន​ពិការ​ចូល​បម្រើការ​ងារ​សរុប​ចំនួន ​២.៧៣៧​នាក់ ក្នុង​នោះ​ពិការ​កម្រិត​ធ្ងន់​មាន​ចំនួន ១១៨០​នាក់ ដែល​ក្នុង​ម្នាក់​គិត​ស្មើនឹង ​ចំនួន ២​នាក់ មាន​ចំនួន​សរុប ៣.៩១៧​នាក់ ស្មើនឹង ១,៧៨% ដែល​បច្ចុប្បន្ន ​ក្រសួង​ស្ថាប័ន​នានា ​បាន​និងកំពុង​ជ្រើស​រើស​ឲ្យ​គ្រប់ តាម​អត្រា​កំណត់​ចំនួន ២ ភាគរយ​ នៅក្នុង​ឆ្នាំ ២០១៨​។

តាមរយៈ​សម្តេច​ពិជ័យ​សេនា សម្តេច​តេ​ជោ ក៏បាន​ឧបត្ថម្ភ​ដល់​ជន​ពិការ​ចូលរួម​១​ពាន់​៨០០​នាក់ ម្នាក់ៗ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល និង​គ្រូ​ម្នាក់ៗ​៥​ម៉ឺន​រៀល​ផងដែរ​៕