រដ្ឋសភា​ប្រកាស​សុពលភាព​សមាជិក​១៦​រូប​និង​បោះឆ្នោត​ជឿ​ទុកចិត្ត​មន្ត្រី​ គជប​ថ្មី ៣ រូប

35

ភ្នំពេញ ៖ ​រដ្ឋសភា​នៅ​ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៧ នេះ បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៩​ នីតិកាល​ទី ៥ ​ដោយបាន​ប្រកាស​សុពល​ភាព​តំណាងរាស្ត្រ​ថ្មី ១៦ រូប​បន្ថែមទៀត ​និង បោះឆ្នោត​ជឿ​ទុកចិត្ត​ដល់​មន្ត្រី គ ជ ប​ថ្មី ៣ រូប លើ ​ សំឡេង​ ១០៤ នៃ​សមាជិកសភា​ជា​ឯកច្ឆន្ទ ។

នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៩ នីតិ​កាល​ទី ៥ នា​ថ្ងៃទី​៧ ខែធ្នូ​នេះ រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ជឿទុក​ចិត្ត​ដល់​បេក្ខជន​អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ចំនួន​៣​រូប​ដោយ​សំឡេង​ ១០៤ នៃ​សមាជិកសភា ​ក្នុងនោះ មាន​ឯកឧត្តម នុត សុខុម កូតា​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឯកឧត្តម ហែល សារ៉ាត់​ កូតា​ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា ​និង​ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ ​ដែលជា​បេក្ខជន​សេរី​។

បន្ថែម​ពីនេះ រដ្ឋសភា ក៏បាន​ប្រកាស​សុពលភាព​សមាជិក​រដ្ឋសភា​ថ្មី​ចំនួន​១៦​រូប ​និង​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម យូ ហុកគ្រី ជា​អនុប្រធាន​ទី​១ ​នៃ​រដ្ឋសភា និង​បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈកម្មការ​នា​នា ​នៃ រដ្ឋសភា​។​ជាមួយគ្នានេះ​ អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ចំនួន​៣​រូបនេះ​ និង​តំណាងរាស្ត្រ​ថ្មី​ចំនួន​១៦​រូប ​ក៏បាន​ចូល​ស្បថ​នៅ ​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃទី​៧ ខែធ្នូ​ដដែល​នេះ ​ដើម្បី​ចូលកាន់​ដំណែង​ជា​ផ្លូវការ​។

អនុប្រធាន គ ជ ប ដែល​ទើប​រដ្ឋ​សភាព​បោះឆ្នោត ឯកឧត្តម នុត សុខុម បាន​ប្ដេជ្ញា​បម្រើ​ការងារ​ឲ្យ គជ ប ដោយ​តម្លាភាព និង​អព្យាក្រឹត ជាមួយគ្នានេះ​។

ឯកឧត្តម ម៉ា ឈឿន ដែល​ទើប​ត្រូ​វ​បាន​សភា​ប្រកាស​សុពល​ភាពជា​តំណាងរាស្ត្រ ​ក៏បាន​ប្តេជ្ញាចិត្ត​ផងដែរ ក្នុង​ការ​បំរើ​ប្រជាពលរដ្ឋ​អោយ​អស់​ពី​ចិត្ត ដើម្បី​ប្រយោជន៍​ដល់​ប្រទេសជាតិ​ក្រោយពី​ចូលកាន់​ដំណែង​។

តំណាងរាស្ត្រ​ដែល​ទើប​ជាប់ឆ្នោត​ថ្មី ចំនួន​១៦​រូប មាន ១១​រូប អ្នក​ដែល​ត្រូវ​ទទួល​ការបែងចែក​អាសនៈ​ពី គ​.​ជ​.​ប និង​មាន​តំណាងរាស្ត្រ​ចំនួន ០៤​រូប ​បាន​សុំលាលែង ទទួល​ភារកិច្ច​ថ្មី​ឲ្យ​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា ដែល​មាន​ឯកឧត្តម ​ម៉ុម ជឹម​ហ៊ុយ ​ឯកឧត្តម ហែម ខន ឯកឧត្តម អាយ ខន និង ឯកឧត្តម សុខ ឥសាន​។ ​តំណាងរាស្ត្រ​ថ្មី​ដែល​ទើបតែ​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង ​ដែល​មក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​សុំលាលែង​ហើយ​បានស្នើ​ឲ្យ​ទៅជា​អនុប្រធាន គ​.​ជ​.​ប គឺ​ឯកឧត្តម នុត សុខុម​៕