ចំនួន​ករណី​បទល្មើស​គ្រឿងញៀន​ក្នុង​៩​ខែ​ដំបូង​ឆ្នាំ​២០១៧ ​មានការ​កើនឡើង

63

ភ្នំពេញ ៖ ​ ចំនួនករណី​បទល្មើស​គ្រឿងញៀន​ក្នុង​៩ ​ខែ​ដំបូង​ឆ្នាំនេះ​ កើនឡើង​ប្រមា ណ​២០០០​ករណី ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ​ខណៈ​ការ​បង្ក្រាប​ទូទាំង​ប្រទេស​បាន​ចំនួន​៥,៥៤៩​ករណី​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ​ អគ្គលេខាធិការ ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី ៧​ខែធ្នូ​ ថា ករណី​បទល្មើស​គ្រឿងញៀន​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​៥,៥៤៩ ករណី​កើន​ឡើង​ជាង​២​ពាន់​ករណី​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៩​ខែ​ដំបូង​ឆ្នាំនេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២,២៥៥​នាក់ ​ដោយសារ​ពួកគេ​ជាប់​ទាក់​ជាមួយ​បទល្មើស​កែច្នៃ​ផលិត ​បទល្មើស​ជួញដូរ បទល្មើស​ដាំ​ដុះ និង​បទល្មើស​ប្រើប្រាស់​។

ឯកឧត្តម ​បញ្ជាក់​បន្ថែមថា ក្នុងការ​បង្ក្រាប​ទាំងនេះ សមត្ថកិច្ច​ពុំ​មាន​ការរកឃើញ​នូវ​កន្លែង​លួចលាក់​ផលិត​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​តូច រឺ​ ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ​ ដោយ​វា​ខុសប្លែក​កាលពី​ព្រឹត្តិការណ៍​មុន​ឆ្នាំ​២០១២​ ព្រោះ​គ្រឿងញៀន​ដែល​កំពុង​ចរាចរណ៍​សព្វថ្ងៃ​ក្នុង​សង្គម​កម្ពុជា​ គឺ​មកពី​បណ្ដា​ប្រទេសជិតខាង​ ភាគច្រើន គឺ​ចូល​តាម​ច្រក​គោក​នៃ​បណ្ដា​ខេត្ត​ភាគ​ឦសាន​ ដូចជា ខេត្តព្រះវិហារ ​និង​ខេត្តស្ទឹងត្រែង​ ជាប់​ព្រំដែន​ប្រទេស​ឡាវ ​ជា​តំបន់​មាន​បញ្ហា​ប្រឈម​ពី​ការ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់ ពី​តំបន់​ត្រីកោណ​មាស​ មក​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​ និង​ទីផ្សារ​ក្រៅប្រទេស​ផង​។

ឯកឧត្តម​ មាស វិ​រិទ្ធ ​បាន​បន្ថែមថា ក្រៅពី​កា​នាំចូល​ពី​ប្រទេសជិតខាង​ ក្រុម​ឧក្រិដ្ឋជន​នៅ​លើ​ពិភព​លោក នៅតែ​មាន​មហិច្ឆតា ​ប្រើប្រាស់​កម្ពុជា​ ដើម្បី​ធ្វើ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​អាមេរិក​ខាងត្បូង ​តំបន់​អាហ្វ្រិក ​តំបន់​អឌ្ឍចន្ទ​មាស ​ដោយ​ធ្វើឡើង​តាម​ផ្លូវ​អាកាស​ ផ្លូវទឹក និង​បញ្ញើ​ប្រៃសនីយ៍​៕