អ្នកនាំពាក្យ​បក្ស​កាន់អំណាច អះអាងថា​ មាន​សម្តេច​តេ​ជោ ​ហ៊ុន សែន​ គ្មាន​ទេ​សង្គ្រាម ​គឺ​មានតែ​សន្តិភាព​ និង​ការ​អភិវឌ្ឍ

56

ភ្នំពេញ ៖ ​ អ្នកនាំពាក្យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​ដឹងថា ​ក្រោម​ការដឹកនាំ​ដែល​មាន​វត្តមាន​ សម្តេច​តេ​ជោ ​ហ៊ុន សែន គ្មាន​ទេ​សង្គ្រាម​ គឺ​មានតែ​សន្តិភាព​ និង​ការ អភិវឌ្ឍ ​។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ បាន​ប្រាប់ BTV​ តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ថា សច្ចធម៌ ប្រវត្តិសាស្ត្រ​កម្ពុជា ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា ស​ម្តេច​តេ​ជោ ​គឺជា​អ្នក​ស្វែងរក​បាន​នូវ​សន្តិភាព​ ការ​ឯកភាព​ជាតិ​ទាំងស្រុង​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ​តាម​នយោបាយ​ឈ្នះ ​ឈ្នះ​របស់​សម្តេច ដែល​ធ្វើ​ឲ្យ​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំង​អង្គការ​ចាត់តាំង​នយោបាយ ​និង​យោធា​ទាំងស្រុង ។​ក្នុងនោះ​ដែរ​ សូម្បីតែ​អង្គការសហប្រជាជាតិ ទោះបី​បាន​ចំណាយ​អស់​ជាង ​២០០០ ​លាន​ដុល្លារ​អាមេរិក​ក៏​នៅតែ​មិន​អាច​រក​បាន​សន្តិភាព​ដែរ ។

ឯកឧត្តម ​បាន​បញ្ជាក់ថា ​សន្តិភាព​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ថ្លៃថ្លា​ណាស់​រក​អ្វី​មក​ប្រៀប ​ក្នុង​បរិបទ​ដែល​សន្តិភាព​ពិតជា​ពិបាក​រក​បាន​ក្រោយពី​ឆ្លងកាត់​សោកនាដកម្ម​រាប់​ទសវត្ស​នោះ ​ទើប​ប្រជាជន​កម្ពុជា​បាន​កំណត់​ច្បាស់​ថា​ មានតែ ​សម្តេច​តេ​ជោ ហ៊ុន សែន​ទេ ដែល​មាន​លទ្ធភាព​រក​សន្តិភាព ការពារ​ និង​ថែរក្សា​សន្តិភាព​បាន​ស្ថិតស្ថេរ​យូរអង្វែង​ត​ទៅមុខទៀត ​ដែល​ជា​ឱកាស​សម្រាប់​កសាង​និង​អភិ​វឌ្ឍន៍ ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​រុងរឿង ​និង​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​សម្បូរ​រុងរឿង ។

ឯកឧត្តម​ បាន​បន្តទៀតថា​ វត្តមាន​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន កម្ពុជា​ពិត​ជា​មាន​សន្តិភាព ស្ថិរភាព​ នយោបាយ និង​ការ​អភិវឌ្ឍន៍​ យ៉ាងពិត​ប្រាកដ ។ ប្រជាជន​កម្ពុជា ប្ដេជ្ញា​ជឿជាក់​និង​ដើរ​តាម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ ​ដើម្បី សន្តិភាព ​ស្ថិរភាព​នយោបាយ ​និង​ការ​អភិ​វឌ្ឍ​ ហើយ​ប្ដេជ្ញា​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​និង​គណបក្ស​ប្រជាជន​កម្ពុជា វាយ​កម្ទេច​រាល់​ឧបាយកល​ពិសពុល​ទាំងឡាយ​ដែល​ចង់​បំផ្លាញ​សន្តិភាព​ និង​ការរស់នៅ​ដ៏​សុខ​ក្សេមក្សាន្ត​របស់​ប្រជាជន ​មិន​ឲ្យ​ងើប​ក្បាល​រួច​ជាដាច់ខាត ៕