ក្រសួង​ការងារ​ដាក់​ឱ្យអនុវត្ត គោលការណ៍​ណែនាំ​ស្តីពី​កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹះស្ថាន​

32

ភ្នំពេញ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ថ្ងៃនេះ បាន​ផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី កា​រៀបចំ​គិលានដ្ឋាន សហគ្រាស​គ្រឹ​ស្ថាន សម្រាប់​ណែនាំ​និង​ចង្អុលបង្ហាញ​ពី​របៀប​នៃ​ការរៀបចំ​គិលានដ្ឋាន​សហគ្រាស គ្រឹះស្ថាន ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​ការងារ​ផ្នែក​សេវាកម្ម​សុខភាព​នៅ​កន្លែងធ្វើការ​។​

​​ឯកឧត្តម អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើ​កឡើ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ​ថា គោលការណ៍​ណែនាំ​ស្តីពី កា​រៀបចំ​គិលានដ្ឋាន សហគ្រាស គ្រឹ​ស្ថាន នេះ ពិតជា​បាន​ឆ្លើយតប​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​នូវ​កំណែ​ទំរង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នៅក្នុង​កម្មវិធី​នយោបាយ ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​។

នេះ​គឺជា​សក្ខីភាព​មួយទៀត​ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការយកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ​ក្នុងប្រទេស​កម្ពុជា​។​

​​​ឯកឧត្តម​បញ្ជាក់ថា តាមរយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០១៤២០១៨ អាទិភាព​ទី​១​គឺ​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ​និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​សំខាន់​លើ​៖ បន្ត​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​, ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​រវាង​កម្មករ​និ​យោក​ជិត និង​និយោជក​, បន្ត​ការដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា និង​អត្ថប្រយោជន៍​របស់​កម្ម​ករ និយោជិត​, ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​សុវត្ថិភាព​ការងារ​, ពង្រឹង​និង​ពង្រីក​សេរីភាព​សហជីព និង​អង្គការ​វិជ្ជាជីវៈ​និង​ពង្រឹង​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​។​

​​​ឯកឧត្តម​អ៊ិត សំហេង​បាន​បន្ថែមថា ការផ្តល់សេវា​សុខភាព​ការងារ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ហានិភ័យ ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ ទាមទារ​ចាំបាច់​ឱ្យមាន​នីតិវិធី ឬ​គោលការណ៍​ណែនាំ​ច្បាស់លាស់​ក្នុងការ​អនុវត្ត និង​ពិនិត្យ​តាមដាន​ជំងឺ​វិជ្ជាជីវៈ សំដៅ​រៀបចំ​ប្រព័ន្ធ ធានារ៉ាប់រង​ហានិភ័យ​ការងារ​ប្រកបដោយ​គុណភាព​។​

​​​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើរ​ដល់​ភាគី​និយោជក​ចូលរួម​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ឱ្យបាន​ល្អប្រសើរ ដោយ​រៀបចំ​ឱ្យមាន​សេវា​ដែលជា​សេចក្តីត្រូវការ​របស់​ក​ម្មករ​និយោជិត​របស់​ខ្លួន​នៅក្នុង​គិលានដ្ឋាន​។​ជាមួយគ្នានេះ រដ្ឋមន្ត្រី​រូបនេះ​បាន​ជម្រុញ​ឲ្យ​មន្ត្រី​អធិការកិច្ច​ការងារ​និង​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​ដែលមាន​ភារកិច្ច​និង​កាតព្វកិច្ច​ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​នូវ​គោលការណ៍​នេះ​ត្រូវខិតខំ​ព្យាយាម​បំពេញភារកិច្ច​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​សម្រេច​ឱ្យបាន​លទ្ធផល​ប្រកបដោយ​គុណភាព តម្លាភាព​និង​តាម​លក្ខខណ្ឌ​បច្ចេកទេស​។​

នៅក្នុង​ការងារ​នេះ​មន្ត្រី​អធិការ​ពេទ្យ​ការងារ​នៃ​នាយកដ្ឋាន​ពេទ្យ​ការងារ​ត្រូវ​ប្តេជ្ញា​ចិត្ត​លះបង់​ពេលវេលា​ក្នុងការ​តាមដាន​ការអនុវត្ត​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​មាន​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ម៉ឺង​មាត់​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​៕