YAMAHA ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​សិស្ស​និស្សិត​

26

ភ្នំពេញ៖ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា បាន​បង្កើត​សកម្មភាព​ចូលរួម​ផ្សព្វផ្សាយ​ការងារ​ជូន​ដល់​សិស្ស​និស្សិត​នៅ​សាកលវិទ្យាល័យ​ន័រតុន​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​។​

នៅក្នុង​សិក្ខាសាលា​ស្តីពី​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ លោក​ឩ​ក​ញ៉ា គង់ នួន អគ្គនាយក​ក្រុមហ៊ុន​គង់ នួន​គ្រុប​បាន​បញ្ជាក់ថា គោលបំណង​សំខាន់​របស់ ក្រុមហ៊ុន​រៀបចំឡើង​នេះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​និស្សិត​យល់ច្បាស់​អំពី​ច្បាប់​ថ្មី​នេះ ក៏ដូចជា​ការអនុវត្ត​ន៍​និង ការងារ​ស្នូល​របស់​មន្ត្រី​ប៉ូលិសចរាច​រណ៍ ដើម្បី​រួមចំណែក​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមាន​ជា​រៀងរាល់ថ្ងៃ និង​ជា​ក្តីកង្វល់​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​។

លោក​ឧកញ៉ា​បន្តថា ដោយ​មើល ឃើញ​អំពី​បញ្ហា​ប្រឈម​ទាំងនេះហើយ ទើប​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ ពិសេស​ដល់​សិស្ស​និស្សិត ហើយក៏​គ្រោង​នឹង​ធ្វើជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ​។

ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ធូ​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​មានប្រសាសន៍ថា ជា​រៀងរាល់ថ្ងៃ​មាន​ប្រជាជន​កម្ពុជា​ប្រហែល​៣ ទៅ​៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​កង្វះ​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍ ជា​ផ្នែក​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ទៀត​ដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ​៕