គ​.​ជ​.​ប ​មិន​ពិនិត្យ​ពាក្យសុំ​ចុះបញ្ជី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឡើយ​

38

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គជប បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​ប្រកាស​មិន​ពិនិត្យ នូវ​ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិ​កាលពី​៤ ឆ្នាំ​២០១៨​ឡើយ​។​

សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប កាលពី​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៧​ហើយ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​នេះ បានលើកឡើង​នៅក្នុង​ប្រការ​១ ថា គជប​មិន​លើក​យក​មក​ពិនិត្យ​នូវ ពាក្យសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៤ ឆ្នាំ ២០១៨ របស់​គ​បណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ​តាម​សាលដីការ​របស់​តុលាការ​កំពូល​។​

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីការ​រំលាយ និង​ហាមឃាត់​សមាជិក និង​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​មួយ​នេះ ចំនួន ១១៨ រូប​មិន​អោយធ្វើ​នយោបាយ​និង​សកម្មភាព​នានា ក្រោម​ហេតុផល​ថា គណបក្ស​មួយ​នេះ​ជាប់​ពាក់ព័ន្ធ​នឹងធ្វើ​បដិវត្ត​ពណ៌​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​បក្ស​អំណាច​ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​ដោយ​ប្រជាពលរដ្ឋ​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គជប​) នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី ៤ នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ខាង​មុង​៕