ចិន​សហការ​ជាមួយ UNIDO ​ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​

46

ភ្នំពេញ៖ វិទ្យាស្ថាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន សហការ​ជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​(UNIDO) បាន​រូ​ម​គ្នា​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដោយ​ឈរ​លើ​គោលនយោបាយ ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន​។​

លោកស្រី SHEN Kaiyan​នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​ប្រទេស​ចិន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​ជំនួប​ពិភាគ្សា ការងារ​ជាមួយ​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ទីស្តីការក្រសួង ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ កន្លងមក​ថា គោលបំណង​នៃ​ជំនួប​ពិភាក្សា គឺ​ចង់​សិក្សា​ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យសេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា ជាពិសេស​គឺ​កិច្ចសហការ ជាមួយ​អង្គការ​UNIDO ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​( E-Commerce Development for SMEs) ដោយ​ឈរលើ​គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋ​ចិន​។

ជាការ​ឆ្ល​យ​តប​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ជម្រាប​ថា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ នៅ​មជ្ឈមណ្ឌល​អន្តរជាតិ​ទីក្រុង​វី​យេន ប្រទេស​អូទ្រីស ដោយបាន​ទទួល​សិទ្ធិ​ប្រទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ផ្ទាល់ និង​លោក​លី យ៉ុង អគ្គនាយក​អង្គការសហប្រជាជាតិ ដើម្បី អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​រួម សម្រាប់​អនុវត្ត​កម្មវិធី​ភាពជា​ដៃគូ​ប្រចាំ ប្រទេស​(PCP) ជាមួយ​កម្ពុជា​។​

​​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​សង្ឃឹមថា ប្រទេស​ចិន​នឹងចូលរួម​ចំណែក ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍ ឬ​ជា​ម្ចាស់ជំនួយ​ក្នុង​កម្មវិធី PCP ឆ្នាំ​២០១៨ ២០២៣ សម្រាប់​ការចូលរួម​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​វិស័យ SME ឯកឧត្តម ចម ប្រសិទ្ធ បាន​ថ្លែង​នូវ​ការគាំទ្រ​ដោយ​ចាត់ទុកថា មាន​សារៈ​ខាន់​ណាស់ សម្រាប់​ការធ្វើ​ជំនួញ​តាម​ប្រព័ន្ធ​Online ដែល​កំពុងមាន​ការវិវឌ្ឍ​ខ្លាំង​នៅលើ​សកលលោក ដោយ​ឯកឧត្តម​បាន​បញ្ជាក់ថា ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) នៅ​កម្ពុជា មិនទាន់​លេចចេញ​ជា​រូបរៀង​ទេ គឺ​ស្ថិតនៅក្នុង​សេចក្តីព្រាងច្បាប់​នៅឡើយ រីឯ​វិស័យ SME វិញ​ក៏​នៅមាន​ការលំបាក​ខ្លះ​ដែរ ដូចជា​ទាក់ទង​និង​ការចុះបញ្ជី ការកំណត់​និយមន័យ និង​ការរៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​ជាដើម ដែល​សង្ឃឹមថា ភាគី​ចិន​នឹង​ជួយ​បាន​ច្រើន​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​៕