Ronnie O’Sullivan ទម្លាក់​កីឡាករ​ថៃ​ទាំង​ភ័យ​ឡើង​វគ្គ 8នាក់​ចុងក្រោយ UK Championship

116
កីឡាករ Ronnie O'Sullivan

ស្នូកឃ័រ៖ ​ជើងឯក​ប្រាំ​សម័យ Ronnie O’Sullivan បាន​រំកិល​ឡើង​វគ្គ 8នាក់​ចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​កីឡា​ស្នូកឃ័រ UK Championship នៅ​ចក្រភព​អង់គ្លេស តែ​ត្រូវ​ប្រកួត​ទាំង 11ហ្វ្រេ​ម​ពេញ​ទំរាំ​ឈ្នះ​កីឡាករ​ថៃ Sunny Akani​។

​កីឡាករ​ថៃ Sunny Akani​

​​កីឡាករ​វ័យ 22ឆ្នាំ Sunny Akani មិន​ដែល​មាន​អារម្មណ៍​ភ័យខ្លាច​ឡើយ​នៅ​ពេល​ប្រកួត​ជាមួយ​កីឡាករ​ដែល​ជា​និមិត្តរូប​របស់​ខ្លួន ដោយ​បាន​នាំមុខ​មុន 2-0 ហ្វ្រេ​ម​។ ​កីឡាករ​លំដាប់​លេខ 4ពិភពលោក Ronnie O’Sullivan ក្រោយមក​ក៏​វាយ​យក​បាន 121ពិន្ទុ និង 98 ពីរ​ហ្វ្រេ​មជាប់​គ្នា​ដើម្បី​ស្មើគ្នា​វិញ 2-2​។ ក្រោយ​មក​ទៀតកីឡាករ​លំដាប់​លេខ 84ពិភពលោក Sunny Akani ក៏​ត្រលប់​មក​នាំមុខ 2ហ្វ្រេ​ម​វិញ 4-2​។ ជាថ្មី​ម្តង​ទៀត​កីឡាករ​វ័យ 42ឆ្នាំ O’Sullivan បាន​ត្រលប់​មក​តាម​ស្មើ​វិញទៀត 4-4 មុន​ពេល​ដែល Akani រក​បាន 128ពិន្ទុ​មួយ​ឈើ​ឡើង​មក​នាំមុខ 5-4 នៅសល់ 2ហ្វ្រេ​ម​ទៀត​ចប់​។ ​យ៉ាងណាក៏ដោយកីឡាករ​ដែល​មាន​បទ​ពិសោធ​ក្រាស​ក្រាល​ នៃ​កីឡា​ស្នូកឃ័រ Ronnie O’Sullivan ធ្វើ​បាន​ល្អ​នៅ​ពីរ​ហ្វ្រេ​ម​ចុងក្រោយ​ដើម្បី​យកឈ្នះ Sunny Akani 6-5 ហ្វ្រេ​ម​ទាំង​ប្រផិត​ប្រផើយ​។ ​Ronnie O’Sullivan បាន​បន្ត​ដំណើរ​ទៅ​វគ្គ 8នាក់​ចុងក្រោយ​ ស្រប​ពេល​ដែល​កីឡា​ករ​លេខ 6ពិភពលោក Shaun Murphy ក៏​ឡើង​ទៅ​ដូចគ្នា ហើយ​អ្នក​ទាំងពីរ​អាច​នឹង​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​គូប្រកួត​របស់ O’Sullivan គឺកីឡាករ​វ័យ 36ឆ្នាំ Martin Gould លំដាប់​លេខ 18ពិភព​លោក​ដែល​ទើប​ទម្លាក់​កីឡាករ​ចិន Xiao Guodong៕
​អត្ថបទ​៖​នាង សុភា​វុ​ធ