សិប្បកម្ម​និង​សហគ្រាស​កែច្នៃ​ក្នុងស្រុក​ជាង​៣០​កំពុង​ដាក់​លក់​ផលិតផល​ខ្មែរ​នៅ​ផ្សារ​ទំនើប​សូរិយា​

817

ភ្នំពេញ៖ ​ក្រុមហ៊ុន​និង​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុ​ជាជាង​១០ កំពុង​ដាក់​លក់​នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៤ ដែល​ជា​ផលិតផល​កែច្នៃ​ក្នុងស្រុក​និង​បាន​ដាក់​លក់​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​​លោក លឹម ផា​រ៉ា ម្ចាស់​សិប្បកម្ម​គំនិត​ថ្មី ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី០៨​ ខែធ្នូ​នេះ​ថា សម្រាប់​ផែនការ​នៃ​ការ​ដាក់​លក់​ផលិតផល​ផល​ខ្មែរ​នេះ​ចាប់​ផ្តើមឡើង​កាលពីដើម​ខែធ្នូ​កន្លងទៅ​ថ្មីៗ ហើយ​ការ​ដាក់លក់​នេះ​គឺជា​ការផ្តល់​ឱកាស​ដល់​ផលិតករ​ខ្មែរ​នៅ​ទូទាំងប្រទេស​កម្ពុជា​ពី​ក្រុមហ៊ុន​ផ្សារ​ទំនើបៗ​ជាពិសេស​នោះ ​គឺ​បាន​បង្ហាញ​វត្តមាន​ផលិតផល​ខ្មែរ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​តែម្តង​។​

​​​លោក​បាន​បន្ត​ទៀតថា ផ្សារ​ទំនើបៗ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​គួរតែ​ផ្តល់ឱកាស​បន្ថែមទៀត​ឲ្យ​ពួកគាត់​មានឱកាស​ដាក់លក់​ផលិតផល​ខ្មែរ ដែលជា​ការបង្ហាញ​ពី​មោទនភាព​ជាតិខ្មែរ ថា​ខ្មែរ​មាន​ផលិតផល​សម្បូរ​បែប​មិន​ចាញ់​ផលិតផល​ពី​បរទេស​ឡើយ​។​

​​សម្រាប់​ផលិតករ​ដទៃ​ទៀត​ដែល​បាន​យក​ផលិតផល​ដាក់តាំង​លក់​នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៤​ដែរ​នោះ ​បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា កន្លងមក​ផលិតផល​ខ្មែរ​មិនមាន​ទីតាំង​សមស្រប​និង​អាច​ដាក់​លក់​ជា​អចិន្ត្រៃយ៍​បាន​នោះ​ទេ គឺ​ធ្លាប់​ដាក់​លក់​ផ្ញើ​គេ​ម្តងម្កាល​ប៉ុន្តែ​លើក​នេះ​គឺជា​ការផ្តល់​ឱកាស​ដល់​ផលិតករ​ក្នុងស្រុក​មានឱកាស​អាច​ដាក់លក់​ក្នុង​តំបន់​តែមួយ​ដែលជា​របស់​ខ្មែរ​សុទ្ធៗ​តែម្តង​។​

​​ចំណែក អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ស៊ា​ង ថៃ បាន​ថ្លែង​ឲ្យ​ដឹងថា នេះ​ជា​មោទនភាព​មួយ​ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​យុទ្ធនា​ការ​ជំរុញ​ផលិតផល​ខ្មែរ​ដែល​បានធ្វើ​កន្លងមក ហើយ​កិច្ចការ​នេះ​បើ​មិនមាន​ការប្រឹងប្រែង​របស់​ផលិតករ​យើង​ទេ​នោះ​ផ្សារ​ទំនើប​មិន​អនុញ្ញាតិ​ឲ្យ​ផលិតផល​ខ្មែរ​អាចដាក់​លក់បាន​នោះដែរ​។​

​​ក្រសួងពាណិជ្ជកម្ម​ការ​រៀបចំ​នូវ​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នេះ​នឹង​បំផុស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មកប្រើប្រាស់​ផលិតផល​ខ្មែរ​ជំនួស​ឱ្យ​ការប្រើប្រាស់​ផលិតផល​នាំចូល​ពី​បរទេស​ក៏ដូចជា​ជួយ​ពង្រឹង​វិស័យ​រោងចក្រ​សហគ្រាស សិប្បកម្ម និង​ផលិតកម្ម​ទាំងឡាយ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​៕