ចិន​ និង​រុស្ស៊ី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​យោធា​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​

112

រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​យោ​ធាន​ជាន់ខ្ពស់​មួយ​រូប​របស់​ចិន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​យោធា​ល្អ​ប្រសើរ​ជាង​មុន​រវាង​ប្រទេស​ទាំងពីរ​។​លោក ពូ​ទីន បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​យោធាដើរតួ​យ៉ាង​សំខាន់​ នៅ​ក្នុង​ទំនាក់ទំនង​រុស្ស៊ី​-​ចិន ហើយ​ប្រទេស​ទាំងពីរ គួរតែ​បន្ត​ពង្រឹង​ភាពជា​ដៃគូ​របស់​ពួកគេ​នៅ​ក្នុង​សម​យុទ្ធ​យោធា​រួមគ្នា ហ្គេម​កងទ័ព និង​ការ​បណ្ដុះបណ្ដាល​បុគ្គលិក​។​ លោក ពូ​ទីន បាន​ធ្វើ​សេចក្ដីអធិប្បាយ​បែបនេះ នៅ​អំឡុង​ជំនួប​នៅ​ក្នុង​ទីក្រុង​មូស្គូ ជាមួយ​លោក ​ចាង យូ​សៀ គឺជា​សមាជិក​ម្នា​ក់​រប​ស់​មន្ទីរ​នយោបាយ ​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កុម្មុយ​និស្ត​ចិន និង​ជា​អនុប្រធាន​គណៈកម្មការ​យោធា​កណ្ដាល​បក្ស​កុម្មុយនិស្ត​ចិន​។​ លោក ពូ​ទីន​ បាន​មាន​ប្រសាសន៍​ទៀត​ថា រុស្ស៊ី​នឹង​ផ្ដល់​អាទិភាព​លើ​ទំនាក់ទំនង​ជាមួយ​ចិន ​នៅ​លើ​គោលនយោបាយ​បរទេស និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំងពីរ​។

​លោក​បាន​និយាយ​ថា រុស្ស៊ី និង​ចិន គួរតែ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង និង​ការ​សម្រប​សម្រួល​​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​សកល និង​ក្នុង​តំបន់ ស្រប​ពេល​ដែល​ពួកគេ​មាន​គោលជំហរ​តែមួយ ឬ​ស្រដៀង​គ្នា​លើ​បញ្ហា​ជាច្រើន​នោះ​។ ដោយឡែក​លោក​ ចាង បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​យោគយល់​គ្នា​រវាង​ចិន​-​រុស្ស៊ី​ លើ​ការ​សម្រប​សម្រួលបាន​ឡើង​ដល់​ចំណុច​ខ្ពស់​ជាង​មុន​ ដោយសារតែ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​ទាំងពីរ​៕
អត្ថបទ៖ សារ៉ាត់