ប្រេសិត​ពិសេស​របស់ ​U.N ​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង

99

កូរ៉េ​ខាង​ជើង៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រធាន​ទទួលបន្ទុក​កិច្ចការ​បរទេស​ របស់​អង្គការសហប្រជាជាតិ​លោក Jeffrey Feltman បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង លោក ​រី យ៉ុងហូ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។​វីដេអូ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង ដែល​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​នោះ ឃើញ​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ម្នាក់​នេះ និង​លោក ​រី ចាប់​ដៃ​គ្នា និង​អង្គុយ​ពិភាក្សា​នៅ​ក្នុង​វិមាន​សភា Mansudae ប៉ុន្តែ KCNA មិនបាន​បរិយាយ​លំអិត​ពី​របៀប​វិ​រៈ​នៃ​ជំនួប​នេះ​ឡើយ​។​ លោក Feltman ដែល​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែរ​នោះ គឺជា​មន្ត្រី​ជាន់ខ្ពស់​បំផុត​របស់​អង្គការសហប្រជាជាតិ បំពេញ​ទស្សនកិច្ច​មកកាន់​កូរ៉េខាងជើងចាប់​តាំង​ពី​ឆ្នាំ​២០១២ ​រហូត​មក​។

​លោក Feltman បាន​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​អង្គារ សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​ ៤​ថ្ងៃរហូតមកដល់​ថ្ងៃ​សុក្រ​ម្សិលមិញ​។​ ទោះបីជា​យ៉ាងណាក៏ដោយយោង​តាម​វែប​សាយ ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹង​ថា ជើង​ហោះ​ហើរ Air Koryo របស់​កូរ៉េខាងជើង​ដែល​ជា​ជើង​ហោះ​ហើរ​តែមួយគត់ ចាក​ចេញពី​ទីក្រុង​ព្យុង​យ៉ាង​នោះ​ត្រូវ​បាន​លប់​ចោល​ហើយកាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នោះ៕
អត្ថបទ៖ សារ៉ាត់