គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ី​រី​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ហ្សឺណែវ​វិញ​សម្រាប់​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​នៅ​ថ្ងៃអាទិត្យ​នេះ​

182
ប្រេសិត​ពិសេស​របស់​ UN ​ប្រចាំ​នៅ​ប្រទេស​ស៊ី​រី​លោក ​ស្តេ​ហ្វា​ន់ ដឺ មី​ស្ទូ​រ៉ា

ស្វីស៖ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​ប្រទេស​ស៊ី​រី​លោក ​ស្តេ​ហ្វា​ន់ ដឺ មី​ស្ទូ​រ៉ា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណៈប្រតិភូ​ស៊ី​រី​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង​ហ្សឺណែវប្រទេស​ស្វី​ស​វិញ សម្រាប់​កិច្ចពិភាក្សា​ស្វែងរក​សន្តិភាព​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ក្រោយពី​អវត្តមាន​នៅ​ក្នុង​សប្ដាហ៍​នេះ​។​​លោក ​ដឺ មី​ស្ទូ​រ៉ា បាន​ចូលរួម​សន្និសីទ​រួមគ្នា​ជាមួយ​លោក ហ្ស​ង់ អ៊ី​ហ្គេ​ឡាន គឺជា​ទីប្រឹក្សា​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ ដែល​អ្នក​ទាំង​ពីរ​បាន​រៀបរាប់​ខ្លីៗ​ពី​ដំណើរ​វិវត្តន៍​ចុងក្រោយ​បំផុត​ នៃ​កិច្ចប្រជុំ​ស្វែងរក​សន្តិភាព​ស៊ី​រី​។​ ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​ចូល​រួម​កិច្ចប្រជុំ​ទ្វេភាគី​ចំនួន​ ៤​លើក​រួច​មក​ហើយ​ ជាមួយ​គណៈប្រតិភូ​របស់​ក្រុម​ប្រឆាំង ស្រប​ពេល​ដែល​គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ី​រី​បាន​អវត្តមាន ក្រោយពេល​ពួកគេ​សម្រេច​ចិត្ត​វិលត្រឡប់ ​ទៅកាន់​ទីក្រុង​ដា​ម៉ាស់​វិញ​កាលពី​សប្ដាហ៍​មុន​។

​ទោះបីជា​យ៉ាងណាក៏ដោយ​លោក​ ដឺ មី​ស្ទូ​រ៉ា បាន​អះ​អាង​ថា ការ​រំពឹង​ទុក​របស់​លោក​គឺគណៈប្រតិភូ​រដ្ឋាភិបាល​ស៊ី​រី ​វិលត្រឡប់​មកកាន់​ទី​ក្រុង​​ហ្សឺណែវ​វិញ ដើម្បី​បន្ត​ចូលរួម​កិច្ចប្រជុំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕

អត្ថបទ៖ សារ៉ាត់