ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ​៖ ​វិស័យ​ការ​ពារ​ជាតិ​​ប្រទេស​កម្ពុជា​យើង​ ​​មាន​សមត្ថភាព​​មិន​ចាញ់​បណ្តា​ប្រទេស​អភិវឌ្ឍន៍

132

 

កំពង់ស្ពឺ ៖ ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត ​មានប្រសាសន៍ថា ​ ​ធនធាន​វិស័យ​ការ​ពារ​ជាតិ​របស់​យើង​​នៅ​មាន​កម្រិត​យ៉ាង​ណាក្តី ​ប៉ុន្តែ​កងទ័ព​យើង​មាន​ធនធាន​ស្មារតី ​ឆន្ទៈ ​និង​សមត្ថភាព​ដែល​មិន​ចាញ់​បណ្តា ​ប្រទេស​អភិវឌ្ឍន៍​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នោះ​ឡើយ​​។

ឯកឧត្តម​ បាន​ប្រសាសន៍​បន្ដ​ថា​ នៅ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​កង​យោធពល​ខេមរភូមិន្ទ​យើង ​បាន​បញ្ជូន​​យោធិន​ចូលរួម​ប្រកួត​បាញ់​កាំភ្លើង​នៅ​ក្រៅ​ប្រទេស​ដែល​ជា​លទ្ធផល យោធិន​វិល​ត្រលប់​មកវិញ​ជាមួយ​ នឹង​មេដាយមាស ​មេដាយប្រាក់ ​មេដាយ​សំរឹទ្ធ ​និង​ពានរង្វាន់​ជា​ច្រើន​​ផងដែរ ​ ​នេះជា​មោទនភាព​ជាតិ​ មោទនភាព​កងទ័ព​ និង​ប្រជាជន​ខ្មែរ​ទាំងមូល​។

នេះ​ជា​ប្រសាសន៍​ របស់ ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​ ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ថ្នាក់​ កងអនុសេនាធំ ​ចល័ត​វាយ​សង្គ្រប់ ​រប​ស់​សិក្ខាកាម​មកពី​កងពលតូច​ថ្មើរជើង ​លេខ​ ៧០ និង​ បិទ​វគ្គ​វគ្គ​ហ្វឹកហ្វឺន​តាម​បណ្តា​ ជំនាញ​ថ្មើរជើង​ អាវុធ​គាំទ្រ ​និង​រថពាសដែក​។

សិក្ខាកាម​មកពី​កងពលតូច​ថ្មើរជើង ​លេខ ៧០ សិក្ខាកាម​មកពី​កងពលតូច​អន្តរាគមន៍​លេខ​ ១២៨ នៃ​យោធពល​ភូមិភាគ​ទី​១ ​និង​យោធភូមិភាគ​ទី​១ ​នៅ​ទីលាន​ហ្វឹកហ្វឺន​កងពលតូច​ថ្មើរជើង​ ​លេខ ៧០ (​តំបន់ភ្នំ​ម្រះព្រៅ​) ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ ​ថ្ងៃទី​០៩ ​ខែធ្នូ ឆ្នាំ​២០១៧ ។

ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត ​មាន​ប្រសាសន៍ទៀតថា ​ សកម្មភាព​បាញ់​គ្រាប់​ពិតនេះ ​លទ្ធផល​នៃ​ការ​បាញ់​របស់​សិក្ខាកាម​យើង​​បាន​ស្តែង​ចេញពី​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​របស់​សិក្ខាកាម ជា​ពិសេស​ការ​ដឹកនាំ​រ​បស់​យោធា​ចារ្យ ​ ដោយ​សូម​ធ្វើ​ការ​កោត​សរសើរ​​ចំពោះ​ស្មារតី ​និង​ឆន្ទៈ​របស់​សិក្ខាកាម​ទាំងអស់​។

ជាមួយ​គ្នានោះផងដែរ​ ឯកឧត្តម​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​​សាទរ​ចំពោះ​បងប្អូន​សិក្ខា​ទាំង ២៨៨​នាក់ ​ដែល​ខិតខំ​ពុះពារ​ក្នុង​ការ​ហ្វឹកហាត់ ​ទាំង​ការ​លត់​ដំ​កាយសម្បទា ​ការ​ហាត់​ពត់​ស្មារតី​ក្នុងនាម​ជា​កងទ័ព ​ការសិក្សា​ជំនាញ​ផ្សេងៗ​រហូត​ទទួល​បាន​ជោគជ័យ​ និង​បាន​ក្លាយ​ជា​យោធិន​ មួយរូប ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ​ដែល​ជា​ក្តី​សង្ឃឹម​របស់​អង្គភាព ​និង​ជា​ធនធាន​របស់​កង​យោធពល​ខេមរភូមិន្ទ​ ហើយ​ ​ជា​មោទនភាព​មួយ​របស់​ក្រុម​គ្រួសារ ​ដោយ​បងប្អូន​ក្លាយ​ជា​យោធិន​មួយ ​មាន​សមត្ថភាព និង​ស្មារតី​ចូល​រួមចំណែក​បំរើ​ជាតិ។

ក្នុង​ឱកាស​នោះដែរ ​ឯកឧត្តម​ ហ៊ុន ម៉ា​ណែ​ត សូម​ពាំនាំ​នូវ​ការ​ផ្ដាំ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ថ្នាក់​ដឹកនាំ​ក្រសួងការពារជាតិ​ អគ្គ​បញ្ជា​ការ និង​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ​ជូន​ដល់​នាយ​ទាហាន ​នាយទាហានរង​ ពលទាហាន​ និង​បងប្អូន​សិក្ខាកាម​ដែល​បញ្ចប់​​វគ្គ​ហ្វឹកហ្វឺន​៕