ផ្សារ​ទំនើប​បោះ​ដុំ​ MAKRO ​បើក​ដំណើរការ​នៅ​ថ្ងៃទី​១៧ ធ្នូ​ខាងមុខនេះ

166

ភ្នំពេញ ៖ ​​ដំណឹង​ល្អ ថា​បើក​គឺ​បើក​មែន ​នៅ​ទីបំផុត​ផ្សារ​ទំនើប​បោះ​ដុំ​ដ៏​ធំ​របស់​ប្រទេស​ថៃ ​ឈ្មោះ​MAKRO នឹង​បើក​ដំណើរការ​ នៅ​ថ្ងៃទី​១៧​ ធ្នូ​ខាងមុខ​នេះហើយ​ ដើម្បី​ស្វាគមន៍​អតិថិជន​នានា​។

ផ្សារ​ទំនើប​ដែល​មាន លក់ទំនិញ​ដ៏​សម្បូរ បែប​ជាមួយ​មុខទំនិញ​ចម្រុះ​១៥,០០០​ប្រភេទ​នេះ ​នឹង​បើក​ដោយ​ឧកញ៉ា ​លី យ៉ុង​ផាត់ ​អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ​ដែល​មាន​រហ័ស​នាម​ ជា​ស្តេច​កោះកុង ​និង​ដៃគូ​របស់​លោក​។

ក្រុមហ៊ុន​ស៊ី​.​ភី​. គ្រុប ដែល​មាន​លោក ថា​នី​ន ជា​រ៉ា​វ៉ា​នុ​ន​ (Dhanin Chearavanont)​ បាន​កាន់កាប់​ភាគហ៊ុន​ចំនួន​៧០​ភាគរយ ​និង​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ ​គ្រុប​កាន់កាប់​ភាគហ៊ុន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌​មាន​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៨ ធ្នូ​នេះ​ថា ផ្សារ​ទំនើប Makro ​នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង​៥​ហិកតា ​ដែលមាន​កម្ពស់​២​ជាន់ ​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​ពោងពាយ​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​។

អ្នកនាង ​អាន សុ​ធីតា​ នាយិកា​ប្រចាំ​ប្រទេស​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ ​CBRE Cambodia​ បាន​ថ្លែងថា​ ការមកដល់​នៃ​ផ្សារ​ទំនើប និង​ផ្សា​របោះ​ដុំ​នូវ​មុខទំនិញ​ដ៏​ច្រើន​នេះ ​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​ ពិសេស​ការ​កើនឡើង​នូវ​ក្រុម​ប្រជាជន​វណ្ណៈ​កណ្តាល ដែល​ជា​អ្វីដែល​អ្នកវិនិយោគ​ជាតិ​ និង​អន្តរជាតិ​មើល​ឃើញ​ពី​កំលាំង​ទិញ​នៅក្នុង​ទីផ្សារ​នេះ ព្រោះ​ពេល​កម្ពុជា ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ​និង​កំពុង​ស្ថិតនៅ​លើផ្លូវ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ជា​អ្វីដែល​កំលាំង​ទិញ​នៅក្នុង​ទីផ្សារ​នេះ​កើនឡើង​។​

អ្នកនាង​បាន​បន្តថា “​ទោះជា​យ៉ាងណា​វត្តមាន​ផ្សារ​ទំនើប​នេះ​ ក៏​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​នានា ​ដែល​តែងតែ​នាំ​យក​ទំនិញ​ពី​ប្រទេស​ថៃ​មួយចំនួន ​បញ្ហា​ប្រឈម​ផងដែរ ប៉ុន្តែ​វា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​លក់រាយ​ក្នុងស្រុក ​ដែល​មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ នាំ​ឲ្យ​ខាតបង់​ពេលវេលា​និង​ថវិកា​របស់​ខ្លួន​ផងដែរ​”​។​លោក​ បន្តថា “​ខ្ញុំ​ស្វាគមន៍​ចំពោះ​វត្តមាន​ផ្សារ​ទំនើប និង​ផ្សា​របោះ​ដុំ​នូវ​ទំនិញ​ចម្រុះ​នេះ ព្រោះ​វា ​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា​កាន់តែ​រស​រវើក​ថែមទៀត​”​៕