បណ្តា​អង្គការ​សង្គម​ស៊ីវិល​ថា ​កម្ម​ការិនី​ភាគច្រើន​យល់ដឹង​ពី​សុខភាព​បន្ត​ពូជ

81

ភ្នំពេញ ៖ ​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា​ ដែល​ស្ម័គ្រចិត្ត​អប់រំ ​ផ្សព្វផ្សាយ ​និង​ការពិនិត្យ ​ព្យាបាល​ជំងឺ​ជូន​កម្ម​ការិនី ​បាន​អះអាងថា ​ គ្រប់​កម្ម​ការិនី ​ដែល​បំរើ​ការងារ​នៅ​រោងចក្រ​ឧស្សាហកម្ម​វាយនភណ្ឌ​ គឺ​ភាគច្រើន ​មានការ​យល់ដឹង​ពី​វិធី​ថែទាំ​សុខភាព​បន្ត​ពូជ ​និង​ការថែទាំ​ទារក​ក្នុង​ផ្ទៃ​។

លោកស្រី ម៉ន បូរី​ណា នាយករង​កម្មវិធី​ រ​បស់​អង្គការ ​Care Cambodia ​តំណាង​អោយ​អង្គការ​ធំៗ​ចំនួន​៤ ​បាន​ថ្លែងប្រាប់​BTV ថា បច្ចុប្បន្ន មានកម្ម​ការិនី​ជាច្រើន ​បន្ទាប់​ទទួល​ការ​បណ្តុះបណ្តាល ការ​ផ្សព្វផ្សាយ​ការថែទាំ​សុខភាព​ស្ត្រី ​និង​ការ​បន្ត​ពូជ ​ គឺ​បាន​ធ្វើ​អោយ​គេ​កាត់បន្ថយ​ បាន​នូវ​ការ​អៀនខ្មាស​ ក្នុង​ការ​ទៅ​ពិគ្រោះ​យោបល់​ជា​ក្រុម​គ្រូពេទ្យ​ដោយ​ចំហរ ​ និង​បាន​ធ្វើ​អោយ​សុខភាព​របស់​គេ​មាន​ប្រសើរ​ឡើង​ ហើយ​ការ​​ដួល​សន្លប់​មាន​ការ​ថយចុះ​ ​។

លោក ស្រី បន្តថា ​កន្លង​ទៅនេះ​ មានកម្ម​ការិនី​ជាច្រើន​ ពុំ​សូវ​មានការ​យល់​ពី​សុខភាព ​មិន​យល់ដឹង​ផែនការ​គ្រួសារ​ក្នុង​ការ​ពន្យារ​កំណើត ​ មិន​យល់ដឹង​ពី​ការ​ជ្រើស​របប​អាហារ​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​សុខភាព​ទារក​ និង​ម្តាយ ​ដែល​កន្លងមក​គឺ​ធ្វើ​អោយ​កម្មការិនីមួយ​ចំនួន​មានការ​ដួល​សន្លប់ មានការ​គ្រោះថ្នាក់​ ដោយ​សា​រ​ការងារ​ផ្សេងៗ​ ដែល​ធ្វើ​អោយ​ការងារ​របស់​គាត់​ពុំ​មាន​ភាព​រលូន ខាតបង់​ពេលវេលា ​និង​ថវិកា​នៅក្នុង​ការងារ​។

លោកស្រី ម៉ន បូរី​ណា បន្តថា ​កម្មករ កម្ម​ការិនី​ទាំងអស់​ គឺ​ភាគច្រើន​ពុំ​ពេលទំនេរ​នោះទេ ​ប៉ុន្តែ​តាម​ការ​ឆ្លៀតឱកាស ​នៅ​ពេល​កម្មករ​ឈប់សំរាក​ពេល​ហូប​អាហារ និង​ពេល​ឈប់សំរាក គឺ អង្គការ​Care កំពុង​ឆ្លៀតឱកាស​ធ្វើការ​អប់រំ​ណែនាំ​ការងារ​សុខភាព​កម្ម​ការិនី ​នៅតាម​រោងចក្រ​ចំនួន​ជាង​៨០​រោងចក្រ ​និង​មានកម្ម​ការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់ ​បាន​ទទួល​សេវា​ពី​គម្រោង​កម្មវិធី​របស់​អង្គការ​Care

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ននេះ​ ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​បាន​កំពុង​ជំរុញ​អោយ​រោងចក្រ​ ដែល​មិន​ទាន់មាន​គិលានដ្ឋាន​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ​កម្ម​ការិនី គឺ​ត្រូវ​បាន​បង្កើត​គិលានដ្ឋាន​នោះ ​ឲ្យ​បាន ​ហើយ​ការ​បើក​គិលានដ្ឋាន បើ​អាច​គឺ​ត្រូវ​បង្កើន​ការ​ទំនាក់ទំនង​ជាមួយ​បណ្តា​អង្គការ​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជំរុញ​អោយ​សេវា​សុខភាព​នោះ​ បាន​ល្អប្រសើរ​។

គួររំលឹកថា​ បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស​មាន​រោងចក្រ​សហគ្រាស​ប្រមាណ​ជិត​៨០% ​គឺ​បាន​បង្កើត​គិលានដ្ឋាន​នៅក្នុង​រោងចក្រ ​ហើយ​នៅ​មាន​រោងចក្រ​សហគ្រាស​ប្រមាណ​១២%​ទៀត​ គឺ​នៅ​មិនទាន់​បង្កើត​គិលានដ្ឋាន​នេះ​ ដែល​បញ្ហា​នេះ​ គឺ​ឯកឧត្តម​ បាន​កំពុង​ទាមទារ​អោយ​បង្កើត​ជា​បន្ទាន់​៕