កែវ សុខ​ផេង ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប PKNP FC ដែល​ទើប​បាន​កៅអី​លី​ហ្គ​កំពូល​ម៉ាឡេស៊ី​ក្នុង​កុងត្រា​រយៈពេល​ ១​ឆ្នាំ​

114

បាល់ទាត់៖ ខ្សែប្រយុទ្ធ​សំបូរ​ប្រជាប្រិយភាព កែវ សុខ​ផេង បាន​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប Perbadanan Kemajuan Negeri Perak FC ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ក្នុង​កិច្ចសន្យា​រយៈពេល​ ១​ឆ្នាំ​។

 

​កីឡាករ​ពាក់​លេខ​ ១០​រូប​នេះ​បាន​ប្រាប់​​ថា គេ​បាន​ធ្វើ​តេស្ត​សុខភាព និង​ចុះ​កុងត្រា​រួចរាល់ ដើម្បី​បង្ហាញខ្លួន​នៅ​លី Malaysia Super League នា​រដូវ​កាល​ក្រោយ​។ សុខ​ ផេង បន្ថែម​ថា នេះ​ជា​ឱកាស​ដ៏​ល្អ​របស់​គេ​ដែល​បាន​ទៅ​ប្រកួត​ប្រជែង​លីហ្គ​នៅ​ក្រៅ​ប្រទេស ដើម្បី​ពង្រឹង​ខ្លួន​ឈោង​ចាប់​ក្ដី​ស្រ​ម៉ៃ និង​យក​បទពិសោធន៍​មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ច្រើន​។​ កិច្ចសន្យា​ថ្មី​នេះបាន​ធ្វើ​ឲ្យ​កីឡាករ​មាន​ប្រភព​ពី​ខេត្ត​ក្រចេះ ក្លាយ​ជា​កីឡាករ​កម្ពុ​ជាទី​២ បន្ទាប់ពី ធា​រី ចន្ថា​ប៊ី​ន ដែល​ផ្ទេរ​ទៅ​ម៉ាឡេស៊ី ស្រប​ពេល ចាន់ វឌ្ឍនាកា ក៏​ទំនងជា​ប្រកាស​ក្លឹប​ថ្មី​នៅ​ទីនោះ​នា​ពេល​ឆាប់ៗ​នេះ​។

​កែវ សុខ​ផេង ​ផ្ដើម​លេង​បាល់ទាត់​ដំបូង​តាំងពី​នៅ​រៀន​វិទ្យាល័យ ព្រះ​មហាក្សត្រី​យា​នីកុសុម​នា​ឆ្នាំ​២០០៧ មុន​ចូលរួម​ជួយ​ចំការ​កៅស៊ូ​បឹងកេត​ លើក​ពាន​លី​ហ្គ​កំពូល​កម្ពុជា​លើកដំបូង​កាលពី​ឆ្នាំ​២០១២ និង​បន្ត​ផ្ទេរ​មក​ភ្នំពេញ​ក្រោ​ន​នា​ឆ្នាំ​២០១៥ រហូតមកដល់​បច្ចុប្បន្ន​។ ចំណែក​ក្លឹប PKNP FC វិញ​ជា​ក្រុម​មាន​មូលដ្ឋាន​នៅ​រដ្ឋ Parak​ ដែល​មាន​ប្រជាជន​ជាង ​២​លាន​នាក់​។ ក្លឹប​នេះ​ទើបតែ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ និង​ទទួល​បាន​កៅអី​មួយ​មក​លី​គ​កំពូល​នា​ឆ្នាំ​២០១៧ ហើយ​បាន​ត្រៀម​ធនធាន​ហិរញ្ញវត្ថុ​ជាង ​១​លាន​ដុល្លារ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​៕
អត្ថបទ៖ ង៉ែត វុទ្ធី