Real Madrid ជួប PSG ខណៈ Barcelona ជួប Chelsea នៅ​វគ្គ 16 ក្រុម​ចុងក្រោយ UEFA Champions League

241

បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នឹង​ត្រូវ​ធ្វើការ​ធ្ងន់​នៅ​វគ្គ 16ក្រុម​ចុងក្រោយ UEFA Champions League បន្ទាប់ពី​ត្រូវបាន​ចាប់ឆ្នោត​ឲ្យ​ជួប​ជាមួយ​ក្រុម​ចំណាយ​លុយ​ច្រើន​នៅ​បារាំង Paris Saint Germain​។

 

​​ខណៈ​ដែល​កំពុង​ស្វែងរក​ជើងឯក​បី​រដូវ​កាល​ជាប់​គ្នា Real Madrid ដែល​បញ្ចប់​លេខ2 ក្នុង​ពូ​ល​នៅ​ពីក្រោម Tottenham Hotspur នោះ ត្រូវ​ជួប​ជាមួយ​ក្រុម​ដែល​ពិភពលោក​កំពុង​តាមដាន និងជា​ក្រុម​ដែល​មនុស្ស​មួយចំនួនធំ​គិតថា ​មានប្រៀប​ជាង​ក្រោម​ការវិនិយោគ​របស់​សេដ្ឋី​អារ៉ាប់​។ ​ពិធី​ចាប់ឆ្នោត​ម្សិល​ម៉ិ​ញ​ធ្វើ​ឡើយ​នៅ​ទីក្រុង Nyon ប្រទេស​ស្វ៊ី​ស លទ្ធផល​ចាប់ឆ្នោត​ផ្សេងទៀត​មាន​ជើងឯក​ប្រាំសម័យ FC Barcelona ត្រូវ​ជួប​តោ​ខៀវ Chelsea ដែលជា​ក្រុម​មួយ​ក្នុងចំណោម 5 របស់​អង់គ្លេស​ឡើងមក​កាន់​វគ្គ​នេះ​។ ​ចំណែក Tottenham Hotspur ដែល​ឈ្នះ​ក្នុង​ពូ​ល​នៅ​ពីលើ Real Madrid នឹងត្រូវ​ជួប​ក្រុម​ជើងឯក​រង​ឆ្នាំមុន​មកពី​អ៊ីតាលី​សេះបង្កង់ Juventus​។ ​Manchester City ដែលមាន​ទំរង់​អស្ចារ្យ​ឈ្នះ 14ប្រកួត​ជាប់​គ្នា​នៅ Premier League នោះ​នឹងត្រូវ​ជួប​ជាមួយក្រុម​ស្វ៊ី​ស FC Basel​។

​​ក្រុម​ជើងឯក Europa League, Manchester United ត្រូវ​ជួប​ក្រុម​អេ​ស្ប៉ា​ញ Sevilla និង​ហង្ស​ក្រហម Liverpool ជួប Porto​។ ​ងាក​មក​ក្រុម​អាល្លឺម៉ង់ Bayern Munich ដែល​បញ្ចប់​ក្នុង​ពូ​ល​ពីក្រោម PSG នឹង​ត្រូវ​ជួប​ក្រុម​ទួរគី Besiktas ខណៈ AS Roma ជួប​ជាមួយ​ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk​។ ​ជើង​ទីមួយ​ក្រុម​លេខ​មួយ​ក្នុង​ពូ​ល​ទាំងអស់ ​នឹង​ចេញ​លេខ​ក្រៅ​ដី​មុន​នៅ​ថ្ងៃទី13-14, 20-21 ខែកុម្ភៈ និងជើង​ទី​ពីរនៅ​ថ្ងៃទី6-7, 13-14 ខែ​មិនា​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ