មនុស្ស​ ៥​នាក់​រង​របួស​ក្នុង​ការ​​បំផ្ទុះ​គ្រាប់បែក​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​ទី​ក្រង New York

55

អាមេរិក៖ ​បុរស​វ័យ​ ២៧​ឆ្នាំ​មកពី​ប្រទេស​បង់​ក្លា​ដែ​ស បានបំផ្ទុះ​គ្រាប់បែក​កែច្នៃ​ក្នុងស្រុក​ ដែលបាន​ចងភ្ជាប់​នឹង​ខ្លួន​របស់​គេ​ក្នុង​ហ្វូង​មនុស្ស នៅឯ​ច្រក​ចូលទៅកាន់ស្ថានីយរថភ្លើង​ក្រោមដីក្នុង​ទីក្រុង New York អំឡុង​ពេល​ព្រឹក​ថ្ងៃ​ច័ន្ទ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស ​៥​នាក់​រង​របួសរយៈពេល ៦សប្ដាហ៍ បន្ទាប់ពី​ការវាយប្រហារ​ដ៏​គ្រោះថ្នាក់​ដោយ​ប្រើ​រថយន្ត​ដឹកទំនិញ។​​សារព័ត៌មាន​អាមេរិក​បាន​រាយការណ៍​ថា ជនសង្ស័យ​ឈ្មោះ​ Akayed Ullah ​បាន​ប្រាប់​ក្រុម​នគរបាល​ស៊ើប​អង្កេត​ថា រូបគេ​ចង់​សងសឹក​ទៅ​នឹង​ការវាយប្រហារតាម​អាកាស ​របស់​សហរដ្ឋអាមេរិកលើ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​គេ​ក៏​ត្រូវ​បាន​គេ​ជំរុញ​ទឹកចិត្តតាម​ផែនការ​ វាយប្រហារ​ភេរវកម្មក្នុង​អំឡុងពិធីបុណ្យ​គ្រី​ស្មាស់​នៅ​អឺរ៉ុប​ផង​ដែរ និងជ្រើសរើស​ទីតាំង​មួយ​សម្រាប់​ការវាយប្រហារ​របស់​គេ តាមរយៈ​ប័ណ្ណ​ផ្សព្វផ្សាយ​គ្រីស្មាស់ដែលបិទ​នៅ​លើ​ជញ្ជាំងស្ថានីយ​រថភ្លើង​ក្រោម​ដី។

​​គ្រាប់បែក​របស់​គេ​បាន​ផ្ទុះ​ខុស​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​រូបគេ​រង​របួស​ធ្ងន់​ក្នុងឧបទ្ទវហេតុ​នោះ។​ ​ស្នងការ​នគរ​បាលអាមេរិកនិយាយ​ថា​ ជនសង្ស័យ Ullah​ មកពី​ទីក្រុង Chittagong ប្រទេស​បង់​ក្លា​ដែ​ស ហើយ​បច្ចុប្បន្នគឺជា​ពលរដ្ឋ​អាមេរិក​។ ​ជន​ដៃ​ដល់​រូប​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ អំពើ​ឧក្រិដ្ឋកម្មណាមួយ​ឡើងក្នុង​ទឹកដី​អាមេរិក​ ហើយ​ការ​ធ្វើ​ដំណើរ​ចុងក្រោយ​របស់​គេ​ ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​សនៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា៕

អត្ថបទ៖ សុខ​មាន