ក្រុម​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​​ព្យាយាម​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​​​នៅ​រដ្ឋ​ California ខណៈ​​ឈាន​ចូល​ដល់​សប្ដាហ៍​ទី២​​

103

អាមេរិក៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​កង​កម្លាំង ​បាន​​ព្យាយាម​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​​ឆេះ​ព្រៃ​នៅ​រដ្ឋ California ដែល​បក់​បោក​​​ពី​ខ្យល់​​ខ្លាំង ​បន្ត​​ឆេះ​យ៉ាង​សន្ធោសន្ធៅ​​​បាន​ឆេះ​បំផ្លាញ​អគារ​​ជិត ១​ពាន់​ខ្នង​ និង​បំផ្លាញ​​ព្រៃ​ឈើ​​ ២​សែន ៣ម៉ឺន ៥០០អេគើ នោះ​​គឺ​ដើម្បី​​ការពារ​តាម​សហគមន៍​នានា ​​ដែល​នឹង​ត្រូវ​រង​គ្រោះ​ថ្នាក់​ដោយ​​អណ្ដាត​ភ្លើង​ព្រៃ​ នៅ​​តាម​ឆ្នេរ​​​ដ៏​ស្រស់​ស្អាត​​នៃ​រដ្ឋ​មួយ​នេះ។

​ភ្លើង​ឆេះ​ព្រៃ​​ឈ្មោះ ថូម៉ាស់ ​បាន​ឆេះ​​រាល​ដាល​​រយៈ​ពេល​​មួយ​សប្ដាហ៍​​កន្លង​មក​ហើយ​ និង​កំពុង​ឆេះ​​នៅ​ក្នុង​តំបន់​វិនទូរ៉ា និង​តំបន់​​សង់តាបាបារ៉ាស្ថិត​​នៅ​ចម្ងាយ​​ប្រហែល ១៦០​គីឡូម៉ែត្រ​​​ពី​ទីក្រុង​​ឡូសអេនជើឡេស​ភាគ​ពាយព្យ។ បញ្ហា​អាកាស​​ធាតុ​បាន​​ធ្វើ​ឲ្យ​​អគ្គិភ័យ​​ឆាប​ឆេះ​ព្រៃ​​យ៉ាង​ធ្ងន់ធ្ងរ​​ នឹង​បន្ត​ជំរុញ​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ច្រើន​​ថែម​ទៀត​​ទៅ​ក្នុង​តំបន់​​ជន​ប​ទ​សង់តាបាបារ៉ា និង​គំរាម​​កំហែង​​ដល់​សហគមន៍​​ម៉ុងតេស៊ីតូ​ និង​សហគមន៍​​សាំមើឡែន នេះ​បើ​យោង​តាម​​នាយកដ្ឋាន​​ការពារ​ព្រៃ​ឈើ និង​​អគ្គិភ័យ​នៃ​រដ្ឋ California បាន​បញ្ជាក់​​ឲ្យ​ដឹង​​ពី​បញ្ហា​បន្ថែម​​នា ​ពេល​ចុង​ក្រោយ​កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ។

​ខ្យល់​​ឈ្មោះ​​សង់តា​អាណា និង​​ខ្យល់​​នៅ​តាម​​តំបន់​ភ្នំ​​យ៉ាង​ខ្លាំង​ បាន​រារាំង​​ដល់​ដំណើរ​ការងារ​របស់​​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ​ ខណៈ​ដែល​​ពួក​គេ​​ព្យាយាម​​​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​​ឆេះ​ព្រៃ​នេះ ​​ដែល​បាន​ឆាប​ឆេះ​បំផ្លាញ​លំនៅឋាន​ ៩៨១​ខ្នង​​មាន​ទាំង​អគារ​​កំពុង​​សាង​សង និង​រចនាសម្ព័ន្ធ​​ដទៃ​ទៀត​​ជា​ច្រើន និង​​បាន​ធ្វើ​ឲ្យ​លំនៅឋាន​​ និង​ទីកន្លែង​​ប្រកប​​មុខ​របរ​ ៩ម៉ឺន​កន្លែង​គ្មាន​​អគ្គិសនី​ប្រើប្រាស់៕​

អត្ថបទ៖ រិទ្ធី