អាមេរិក​ផ្តល់​ជំនួយ​ជាង​បី​សែន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង​

58

ភ្នំពេញ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ ឆ្នាំ​២០១៧​នេះ ​បាន​សម្តេច​ផ្តល់​ថវិកា​ចំនួន ៣៥០ ០០០ ដុល្លារ​អាមេរិក​ដល់​​កម្ពុជា​ ដើម្បី​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់​ខែង​(​ដំណាក់កាល​ទី ៥)​ ខណៈ ដំណាក់កាល​ពីមុន​មាន​ជាង​បី​លាន​ដុល្លារ​ហើយ​នោះ​។​

ជំនួយ​ឥតសំណង​នេះ ​គឺ​បាន​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​ដោយ លោក​ ម៉ា​គិ​នន ធូ​ថើ​លើ ប្រធាន​គម្រោង​របស់​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌ ជាមួយ​អ្នកស្រី លីហ្សា អាត់​ធើ​មែន​ប្រធាន​ប្រតិបត្តិ របស់ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ដែល​ហៅ​កាត់​ថា (WMF)​នា​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ​នៅ​លើ​ប្រាសាទភ្នំបាខែង​។​

ថ្លែង​នៅ​ក្នុង​កម្មវិធី​ចុះហត្ថលេខា​ផ្តល់​និង​ទទួល​នោះ លោក ម៉ា​គិ​នន ធូ​ថើ​លើ បាន​លើកឡើងថា​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការ​អភិរក្ស​វប្បធម៌ ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សំរាប់​ដំណាក់កាល​ទី ៥ ក្នុងការ​ធ្វើការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​នេះ គឺជា​ការបញ្ជា​ក់នូវ​ទំនាក់ទំនង​ដ៏​ល្អ​របស់​អាមេរិក​ជាមួយ​កម្ពុជា ហើយក៏​ជាការ​លើកស្ទួយ​វិស័យ​បេតិកភណ្ឌ ពិភពលោក​ក៏ដូចជា​កម្ពុជា​ជាដើម​។​

លោក​បន្តថា កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន ០៩ ដែល​រួមមាន​ប្រទេស​បូ​លី​វី ភូមា អ៊ីស្រាអែល មិកសិ​ក ម៉ូ​ល​ដូ​វ៉ា នេ​ប៉ាល់ សេ​រ៉ា​ឡេ​អូន និង​ប្រទេស​ថៃ ដែល​បានទទួល​ជំនួយ នៅក្នុង​ឆ្នាំ​សារពើពន្ធ ២០១៧ សម្រាប់​ការអភិរក្ស​ទីតាំង​បូរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌​។​

លោក​បន្តថា ​ប្រាសាទ​ភ្នំ​បាក់​ខែង​គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុង​សម័យអង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។ តាំងពី​ឆ្នាំ ២០០៨ មក​គម្រោង​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់​ខែង​បាន​ផ្តោត​លើ​ការធ្វើអោយ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិនអោយ​លិច​ទឹក នៅ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹមនឹងនោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការ​បណ្តុះបណ្តាល​។ ដំណាក់កាល​ទី ៥ របស់​គម្រោង​នឹង​បង្ហើយ​ការ​ជួសជុល​ពេញលេញ ទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្របតាម​គម្រោង​ប្លង់​ជួសជុល ដែល​ត្រូវ​បាន​កំណត់​ច្បាស់ នៅ​ដំណាក់កាល​មុន​ៗ​។​

លោក​បញ្ជាក់​ទៀតថា ​«​ជំនួយ​នេះ​នឹង​ធ្វើ​អោយមាន​ឡើងវិញ​នូវ​ភាព​ដើម​នៃ​សំណង់​របស់​ប្រាសាទ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក ដោយ​ប្រើ​សំភារៈ​បូរាណ​ផង ទំនើប​ផង​។​ គម្រោង​នេះ ​មានបំណង​ជំរុញ​អោយ​បាន​ច្រើន ដល់​ចក្ខុវិស័យ នៃ​ផែនការមេ​ក្នុង​ការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ដែល​ត្រូវបាន​កំណត់​នៅ​ឆ្នាំ ២០០៧ WMF បាន​រៀប​ចំ​កម្មវិធី​អភិរក្ស ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា និង​អ្នកជំនាញ​នៃ​អង្គការ UNESCO ដែល​ធ្វើការ​ជួបប្រជុំគ្នា​ទៀងទាត់ តាមរយៈ​គណៈកម្មាធិការ​​សំរបសំរួល អន្តរជាតិ​អង្គរ​។​

សូម​រំលឹក​ថា​ ចាប់​តាំងពី​ឆ្នាំ ២០០៤ មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បានទទួល​ថ​វិកា​ជាង​៣,២ លាន​ដុល្លា អាមេរិក​ពី​រដ្ឋាភិបាល​អាមេរិក សំរាប់​ធ្វើ​ការអភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​។ អង្គការ​មូលនិធិ​នេះ គឺជា​អង្គការ ឯករាជ្យ​ឈានមុខ​គេ ដែល​ធ្វើការ​ដើម្បី​សង្គ្រោះ​កន្លែង​ដែល​ត្រូវបាន​គេ​ផ្តល់​តំលៃ​អោយ​បំផុត ក្នុង​ពិភពលោក​។​

អស់​រយៈពេល ៤៥ ឆ្នាំ​ហើយ អ្នកឯកទេស​ដែលមាន​ជំនាញ​យ៉ាងខ្ពស់​របស់​អង្គការ​នេះ​បាន​ប្រើ​បច្ចេកទេស ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្ម​សំខាន់ៗ​នានា នៅ​ជុំវិញ​ពិភព លោក​។

សូមបញ្ជាក់​ផងដែរ​ថា មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិរក្ស​ទី តាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​។ ក្រៅពី​ប្រាសាទភ្នំ​បាក់​ខែង រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថែមទាំង​បានផ្តល់​អំណោយ​ថវិកា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ដទៃទៀត​នៅ​កម្ពុជា ដូចជា​ប្រាសាទ​ហាន់ ជ័យ​ក្នុង​ខេត្តកំពង់ចាម ប្រាសាទភ្នំដា​នៅ​អង្គរ​បូរី ខេត្តតាកែវ ជាដើម​។ ជំនួយ​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​សំរាប់ ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា មាន ចំនួន ៤ ២៧២ ៤៦៥ ដុល្លា​អាមេរិក ដែល​ក្នុង​ចំនួន​នេះ ៣ ៣២៦ ៣៦៥ ដុល្លារ​ត្រូវបាន​ផ្តល់អោយ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សំរាប់​ការអភិរក្ស​វប្បធម៌ ៕​