មន្ត្រី​ជាន់​ខ្ពស់​គ​.​ជ​.​ប បញ្ជាក់​ថា មានតែ​គណបក្ស ២​ប៉ុណ្ណោះ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា

83

ភ្នំពេញ៖ សមាជិក​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អោយ​ដឹង​ថា មានតែ​គណបក្ស​នយោបាយ​ចំនួន​២​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួល​ស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ឆ្នាំ​២០១៨​ខាងមុខ​។

ឯកឧត្តម សោម សូ​រី​ដា សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែង​អោយ​ដឹង នៅ​ក្នុង​កិច្ច​សម្ភាសន៍​​​ គិត​ត្រឹម​ថ្ងៃទី​១២ ធ្នូ ឆ្នាំ ២០១៧​នេះ មានតែ​ចំនួន​ពីរ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ដែល គ​.​ជ​.​ប ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ក្រោយពី​ទុកពេល​ឲ្យ​គណបក្សនយោបាយ​ដាក់ពាក្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស សមាជិក​ព្រឹទ្ធសភា​ពីរ​សប្ដាហ៍​មកនេះ​។

ឯកឧត្តម ថ្លែងបន្តថា គណបក្ស​ចំនួន ២ នោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ឈ្មោះ បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទាំង​៨​ភូមិភាគ​ស្រប​ពេលដែល​គណបក្ស​យុវជន​កម្ពុជា​បានដាក់​បេក្ខជន​ឈរឈ្មោះ​តែ​៣​ភូមិភាគ​ប៉ុណ្ណោះ គឺ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ ទី​២ កំពង់ចាម​និង​ត្បូងឃ្មុំ និង​ភូមិភាគ​ទី​៣ កណ្ដាល ហើយ​ការបោះឆ្នោត​ជ្រើស​តាំ​សមាជិក​ព្រឹទ្ធសភា​នេះ ខុសប្លែក​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ព្រោះ​ជាការ​បោះឆ្នោត​អសកល ។​

ឯកឧត្តម សោម សូ​រី​ដា បញ្ជាក់​ត​ទៀតថា គ​.​ជ​.​ប នៅតែ​ដំណើការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​ធម្មតា ដោយ​គ្មាន​ការរាំងស្ទះ​អ្វី​ឡើយ បើទោះបី​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​អំណាចតុលាការ និង​ពុំ​មានការ​ផ្តល់ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សភាព​អឺរ៉ុប ព្រោះ​រាជរដ្ឋាភិបាល​បានរៀបចំ​ថវិការ​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ នាពេលខាងមុខ​។​បើតាម​ឯកឧត្តម​សោម សូ​រី​ដា គជប គ្រោង​ចំណាយ​វិការ​ប្រមាណ ជាង ២ លាន​ដុល្លារ​សម្រាប់​រៀបចំ​ការបោះ​ឆ្នោត​ជ្រើស​តាំ​សមាជិក​ព្រឹទ្ធសភា​ខាង​មុ​នេះ​។​

ឯកឧត្តម ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បាន​អោយដឹង​ថាគ​ណ​បក្ស​ហ្វុ​ន​ស៊ីន​ប៊ិច នឹងដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ព្រឹទ្ធសភា​នេះដែរ តែ​មកដល់ពេលនេះ គជប មិនទាន់​បានទទួល​ពាក្យ ពី​គណបក្ស​មួយ​នេះ​នៅឡើយ​ទេ ។​

បច្ចុប្បន្ន អាសនៈ​ក្នុង​ព្រឹទ្ធសភា មាន​ចំនួន​៦១ ដោយ​ក្នុងនោះ អាសនៈ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥០ និង​អាសនៈ​គណបក្ស​ភ្លើងទៀន មាន​ចំនួន​១១​។​អាសនៈ​ក្នុង​ព្រឹទ្ធសភា ត្រូវបាន​បង្កើន​ចំនួន​១​បន្ថែមទៀត សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៤ ឆ្នាំ ២០១៨​នេះ​៕