ប្រធាន A.C.U ប្រកាស​ចាត់វិធានការ​សម្អាត​អំពើពុករលួយ​ឱ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​យុត្តិធម៌​សង្គម និងតម្លាភាព

57

ភ្នំពេញ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ A.C.U បាន​ប្រកាស​ចាត់​វិធានកា​រ​បោសសំអាត​អំពើ​ពុករលួយ​ឲ្យ​បាន​ខ្លាំងក្លា​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ធានា​ឲ្យ​សង្គម​កម្ពុជា មាន​យុត្តិធម៌ ស្អាតស្អំ តម្លាភាព និង គណនេយ្យភាព​។​

ក្នុងឱកាស​ប្រារព្វ​ទិវា​ជាតិ​អន្តរជាតិ​ប្រឆាំង​អំពើពុករលួយ ០៩​ធ្នូ ដែល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​១២ ធ្នូ ឯក ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះអាងថា អង្គភាព​ប្រឆាំង អំពើពុករលួយ​គ្មាន​ការដកថយ​ឡើយ នៅក្នុង​ការងារ​បោសសំអាត​អំពើពុករលួយ​ក្នុងសង្គម​កម្ពុជា ព្រោះ​វា ជា​ឧបសគ្គ​ចម្បង​ដែល​ត្រូវ​ដោះស្រាយ​។ ឯកឧត្តម​បញ្ជាក់ថា បញ្ហា​អំពើពុករលួយ គឺជា​ឧបសគ្គ​ដែល​រាំង ស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម ដោយ​បង្ក​ឱ្យ​មិនមាន​តម្លាភាព និង មិនមាន​យុត្តិធម៌​ជាដើម​។​

ឯកឧត្តម​បាន​អះអាងថា ដើម្បី​លុបបំបាត់​និង​ប្រឆាំង​អំពើពុករលួយ​ក្នុងសង្គម អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​មិន​ត្រឹមតែ​ពង្រឹង​ការតាមដាន​ស៊ើបអង្កេត​វែកមុខ​រក​ជនល្មើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បញ្ចូល​មេរៀន​ប្រឆាំង​អំពើពុករលួយ​ក្នុង​កម្មវិធី​អប់រំ​សិក្សាធិការ​ជាតិ​ចាប់ពី​ថ្នាក់​ទី​៤ ដល់​ថ្នាក់​ទី​១២ ដើម្បី​បណ្តុះ​ផ្នត់ គំនិត​ឲ្យ​កុមារ​កម្ពុជា​ស្រលាញ់​ភាព​ស្អាតស្អំ ស្រលាញ់​យុត្តិធម៌ និង ស្អប់​អំពើពុករលួយ​។​

ជា​លទ្ធផល ឯកឧត្តម​បាន​កត់សម្គាល់ថា មកដល់ពេលនេះ​បញ្ហា​ការផ្តល់សេវា​សាធារណៈរ​បស់​ក្រសួង ស្ថាប័ន បានរៀបចំ​បានល្អ​គ្មាន​អំពើពុករលួយ​ទៀតឡើយ ហើយ​ទទួលបាន​ចំណូល​ពី​វិស័យនេះ​រហូតដល់​ពេលនេះ​ថែមទៀត​៕