មន្ត្រី​កំពូល​​របស់​ UN ព្រមាន​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​​ខាង​ជើង​​អាច​នឹង​​ធ្វើ​ឲ្យ​មាន​​​​ផល​ប៉ះ​ពាល់​ដល់​ការ​ផ្ដល់​ជំនួយ​

112

អាមេរិក៖ មន្ត្រី​កំពូល​របស់​​អង្គការ​សហប្រជាជាតិ​​​បាន​ព្រមាន​ថា ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​ បាន​សំរេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​​ ដែល​ស្ដី​ពី​​​កម្ម​វិធី​នុយក្លេអ៊ែរ​​​​របស់​​ក្រុង​ព្យុងយ៉ាង​ វា​អាច​នឹង​​​ធ្វើ​ឲ្យ​​​​មាន​គ្រោះ​ថ្នាក់​ ដល់​ការ​ដឹក​នាំ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​​រដ្ឋ​ដ៏​ក្រី​ក្រ​ និង​ឯកោ​មួយ​នេះ​ជាក់​ជា​ពុំ​ខាន។

ក្រុម​ប្រឹក្សា​​សន្តិសុខ​​ដែល​មាន​ ១៥​ប្រទេស​ជា​សមាជិក​​បាន​បើក​កិច្ច​​ប្រជុំ​​ប្រចាំ​ឆ្នាំ​​លើក​ទី៤ របស់​ខ្លួន​ស្ដី​ពី​ការ​រំលោភ​​សិទ្ធិមនុស្ស​​នៅ​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​​ ទោះ​បី​ជា​មាន​ការ​​ប្រឆាំង​ពី​ប្រទេស​ចិន​ក៏​ដោយ។ ​ប្រទេស​ចិន​បាន​ព្រមាន​ថា កិច្ច​ប្រជុំ​​ស្ដី​ពី​ការ​រំលោភ​​សិទ្ធិ​នេះ​ជា​សកម្ម​ភាព​​មួយ​ ដែល​​អាច​ធ្វើ​ឲ្យ​​ភាព​​តាន​តឹង​​ក្នុង​តំបន់​កាន់​​តែ​ឡើង​កម្ដៅថែម​ទៀត។ ​ប្រធាន​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជា​ជាតិ​​លោក Zeid Raadal Hussein បាន​និយាយ​ថា​ ទីភ្នាក់ងារ​​​នានា​របស់​​អង្គការ​សហប្រជាជាតិ​​ និង​ក្រុម​ផ្ដល់​ជំនួយ​​ គឺ​បាន​ផ្ដោត​​ការ​​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​ ការ​​រស់​នៅ​របស់​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​ជាង ១៣​លាន​នាក់​ដែល​​ងាយ​នឹង​​​រង​គ្រោះ​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ ​ដល់​ការ​ផ្ដល់​ជំនួយ​ដ៏​មាន​​សារ​សំខាន់​នេះ​ជាក់​ជា​ពុំ​ខាន៕​

អត្ថបទ៖ មករា