នគរបាល​ព្រហ្មទណ្ឌ​៖ ជនល្មើស​ប្រើ​រូប​មនុស្ស​ស្អាតៗ​ដាក់​ក្នុង Profile Facebook បោក​ប្រាក់​ពលរដ្ឋ​ខ្មែរ

236

ភ្នំពេញ​៖ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់ នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​មួយ​ចំនួន បាន​រងគ្រោះ ដោយសារ​មាន​ជនបរទេស ឃុបឃិត​ជាមួយ​ជនល្មើស​ជា​ជន​ជាតិខ្មែរ ប្រើប្រាស់​រូប​មនុស្ស​ស្អាតៗ ដាក់​ក្នុង Profile Facebook ដើម្បី​ទាក់ទង​តាម​ឆាត (Chat) រួច​លួងលោម​សុំ​លេខ​ទូរស័ព្ទ​ពលរដ្ឋ​ខ្មែរ ហើយ ឈាន​ដល់​តេ​ទៅ​ឆបោក​ប្រាក់​តែម្ដង​។​

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ នា​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ០៥​នាក់ ក្នុង​នោះ ​មាន​ជន​ជាតិ​ខ្មែរ​ម្នាក់ និង​នី​ហ្សេ​រី​យ៉ា ៤​នាក់ ពី​បទ​តេ​ទូរស័ព្ទ​ឆបោក​ពលរដ្ឋ​ខ្មែរ ដោយ លើក​ឡើងថា បាន​ឈ្នះ​រង្វាន់​ពី​ស្ថាប័ន​នេះ ពី​ស្ថាប័ន​នោះ ហើយ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​តាម​សេវា​ផ្ញើ ប្រាក់​មួយ​ចំនួន ជា​ថ្នូរ​មុននឹង​ឈាន​ដល់​ការផ្ញើ​របស់​ឲ្យ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បន្ត​ថា “​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧​នេះ មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​ចាញ់បោក​នូវ​ជនសង្ស័យ​ទាំង​អស់នេះ ដោយ​មុននឹង​ឈាន​ដល់​ការបោកប្រាស់ ជនរងគ្រោះ​បាន លេង​ឆាត​ហ្វេ​ស​ប៊ុ​ក ជាមួយ​ជនសង្ស័យ​អស់​រយៈពេល​ប្រមាណ​៦​ខែ​ហើយ ដោយ​ក្រុម​នេះ​បាន​ប្រើ រូប​មនុស្ស​ស្អាត​ក្នុង​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទាក់ទង​គាត់​ឲ្យ​ស្រឡាញ់ ហើយ​ឈាន​ដល់​មានការ​ផ្ញើ​របស់​” ។​

ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា បាន​បន្ថែម​ថា ក្រុម​ជនសង្ស័យ​ទាំងអស់​នេះ មិន​ត្រឹមតែ​ឆបោក លុយ​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ ពួកគេ​ក៏​អាច​ហែក (Hack) តាម​ហ្វេ​ស​ប៊ុ​ក​ទៀត​ផង ហើយ​ជនសង្ស័យ ទាំងនេះ ក៏​មាន​មេខ្លោង​ផង​ដែរ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ដូចគ្នានេះ​ផងដែរ​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ទី​១. ឈ្មោះ ILOANYA CLANCYEMEKA, ទី​២. ឈ្មោះ MMADU UGONNA, ទី​៣. ឈ្មោះ OKWOR GODUAIN CHIMA, ទី​៤. ឈ្មោះ OBI ELXIS KEMECHUMKWUX (​ប្រុស​ទាំងអស់​) និង​ទី​៥. ឈ្មោះ ស៊ុ ពិសី ភេទ​ស្រី ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន​របស់​ជនរងគ្រោះ​ជា​ជនជាតិខ្មែរ​ម្នាក់ ដោយ​ពួកគេ បាន​ឆបោក​ប្រាក់​ចំនួន ៣០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការផ្ញើ​កាដូ​ឲ្យ៕​