វេទិកា​ធុរកិច្ច​កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ២០១៧ រៀបចំឡើង​នៅ​ទីក្រុង​ភ្នំពេញ​

81

ភ្នំពេញ ៖ ​ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សភាពាណិជ្ជ​កម្ម​ក​ម្ពុ​ជា និង​ក្រុម ប្រឹក្សា​ធុរកិច្ច​រុស្ស៊ី​-​សិង្ហ​បុរី​ នៃ​សហព័ន្ធរុស្ស៊ី​ នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែធ្នូ ឆ្នាំ​២០១៧​នេះ បាន​សហការ​គ្នា​រៀបចំ វេទិកា​ធុរកិច្ច កម្ពុជា​-​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ឆ្នាំ​២០១៧ ​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

វេទិកា​ធុរកិច្ច​នេះ ប្រព្រឹត្តទៅ​ក្រោម​សហប្រធាន​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង លោកជំទាវ តា​ធាណា វ៉ា​ឡូ​វ៉ា​យ៉ា (Tatiana VALOVAYA) ​សមាជិក​ក្រុមប្រឹក្សាភិបាល​សម្រាប់​សមាហរណកម្ម ​និង​ម៉ា​ក្រូសេដ្ឋកិច្ច​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី និង​មានការ​ចូលរួម​ពី​តំណាង​មកពី​ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត​រប​ស់​ប្រទេស​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ​និង​តំណាង មកពី​វិស័យ​ឯកជន​នៃ​ភាគី​ទាំងពីរ​ ដែល​គ្របដណ្ដប់ ​វិស័យ​សំខាន់ៗ រួមមាន ​៖ ទេសចរណ៍ កសិកម្ម សុខាភិបាល ​ព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​ផ្លូវ​អាកាស សំណង់ កាត់ដេរ ​និង​វាយនភណ្ឌ ​ និង​តំបន់ សេដ្ឋកិច្ច​ពិសេស​សរុប​ប្រមាណ​១៥០​នាក់​។

ឯកឧត្តម ​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ​បាន​បញ្ជាក់ថា ​វេទិកា​នេះ ​មាន​គោលដៅ​បើកផ្លូវ​ឲ្យ​អាជីវករ និង​វិនិយោ​គិន​របស់​ភាគី​ទាំងពីរ ​ដើម្បី​ស្វែងរក​ឱកាស​និង​បង្កើត​សម្ព័ន្ធ ភាព ​ថ្មី​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល នៃ​ភាគី​ទាំងពីរ​។

ឯកឧត្តម ​បាន​បន្តថា ​ការចូលរួម​របស់​វិស័យ​ឯកជន​នៃ​ភាគី​ទាំងពីរ​មាន​សារៈសំខាន់​ណាស់ ​ដោយ​វិស័យ​ឯកជន​ជា​អ្នក​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែមទៀត​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ និង​វិនិយោគ​ឲ្យ​កាន់តែ​ទូលំទូលាយ​ និង​ជាពិសេស​គាំទ្រ​ក្នុង​ការ​បើក​ទីផ្សារ​ថ្មី តាមរយៈ​ការ​ចរចារ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ​និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ​ដែល​នឹង​បង្កើត​នូវ​ឱកាស​ដ៏​សម្បូរ ​បែប​សម្រាប់​វិស័យ​ឯកជន​ពី​កម្ពុជា ​និង​ប្រទេស​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​។

សូម​ជម្រាប​ បន្ថែមថា​ នាពេល​កន្លងទៅ​ថ្មីៗ​នេះ គណៈប្រតិភូ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក៏បាន បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​រោងចក្រ ​និង​សហគ្រាស ​នានា ​ដែល​កំពុង​មាន​ប្រតិបត្តិការ ​ក៏ដូចជា​ សក្តានុពល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​តំបន់​សេដ្ឋកិច្ច​នេះ​ ផ្តល់​ជូន​ផងដែរ​៕