លទ្ធផល​ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣

60

ភ្នំពេញ៖ តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​ជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម និង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីក្រុង​តា​លី ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

នៅក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ស៊ីជម្រៅ និង​បាន​ឯក​ភាពជា​ឯកច្ឆន្ទ លើ​ការអនុវត្ត​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​១ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ទិសដៅ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២​។

រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ ​ការ​បង្កើត​លេខាធិការដ្ឋាន​ជាតិ​/​អង្គភាព​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នៅ​ក្នុង​ប្រទេស​ទាំង​ប្រាំមួយ​មុន​កាលបរិច្ឆេទ​ ដែល​បាន​កំណត់ ការ​ទទួល និង​ការ​អនុម័ត​លើ​គម្រោង​ដំណាក់កាល​ទី​១​ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​មេគង្គ​ឡាន​ឆាង កា​រប​ងើ្ក​ត​និង​ដំណើរការ​នៃ​ក្រុមការងារ​រួម​លើ​វិស័យ​អាទិភាព​គន្លឹះ​ទាំង​ប្រាំមួយ ការបង្កើត មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន​មេគង្គ​-​ឡាន​ឆាង និង​មជ្ឈមណ្ឌល​សកល​សម្រាប់​ការសិក្សា​ទន្លេមេគង្គ​។ រដ្ឋមន្ត្រី​បានកត់សម្គាល់​ដោយ​សេចក្តីសោមនស្ស ដែល​គម្រោង​ឆាប់​ទទួលបាន​ផល​ភ្លាមៗ​ទាំង​៤៥ និង​គំនិត​ផ្តួចផ្តើម​ទាំង​១៣ ដែល​បាន​ដាក់ចេញ​ដោយ​ប្រទេស​ចិន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ​នៃ​កិច្ចប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ត្រូវ​បាន​បញ្ចប់ ការអនុវត្ត ឬ​សម្រេចបាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​។ កិច្ចប្រជុំ ​បានអនុម័ត​លើ​ឯកសារ​ដូច​ខាងក្រោម​៖

-​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣, -​បញ្ជី​គម្រោង​ដំណាក់កាល​ទី​១​ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ

មេគង្គ​-​ឡាន​ឆាង នៅ​ឆ្នាំ​២០១៧ និង៣-​ព័ត៌មាន​ទំនាក់ទំនង​ទាន់​ហេតុការណ៍​របស់​លេខាធិការដ្ឋាន​ជាតិ​/​អង្គភាព​សម្របសម្រួល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។

គួរ​កត់​សម្គាល់​ផងដែរ​ថា នៅ​ក្នុង​បញ្ជី​គម្រោង​ដំណាក់កាល​ទី​១​ខាងលើ កម្ពុ​ជាមាន​គម្រោង​ចំនួន ១៦ ដែល​ត្រូវ​បាន​ឯកភាព​សម្រាប់​យក​ទៅអនុវត្ត និង​មាន​ទឹកប្រាក់​សរុប ៧.៣១៥.៩០៨ ដុល្លារ​អាមេរិក​។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង​ទាំងអស់​ដែល​បានផ្តល់​ការសហការ​យ៉ាង​ជិតស្និទ្ធ និង​គាំទ្រ​ខ្លាំងក្លា ឆ្ពោះទៅរក​ភាពជោគជ័យ និង​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដែល​កម្ពុជា​នឹង​ធ្វើជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ក្រោម​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​

ទន្ទឹមនឹង​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម វ៉ាង យី​។ រដ្ឋមន្ត្រី​ទាំងពីរ បាន​ផ្លាស់ប្តូរ​យោបល់​ស្តីពី​វិធីសាស្ត្រ​នានា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅមុន​ការ​ប្រារព្ធ​ខួប​ទី​៦០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅ​ឆ្នាំក្រោយ​៕​