មនុស្ស ៥​នាក់​បាត់​បង់​ជីវិត​ និង ១៥​នាក់​​កំពុង​បាត់​ខ្លួន​​ក្នុង​គ្រោះ​ធម្មជាតិ​​បំណាក់​ដី​​នៅ​ប្រទេស​ឈីលី

90

ឈីលី៖ ក្រុម​អាជ្ញាធរ​​បាន​​និយាយ​ថា ​​រូប​ភាព​​ថត​ពី​លើ​​អាកាស​បង្ហាញ​ឲ្យ​ឃើញ​​នូវ​ការ​​បំផ្លិច​បំផ្លាញ​​​ បាន​បន្សល់​ទុក​​​ពី​បំណាក់​ដី​​កើត​ឡើង​​កាល​ពី​ថ្ងៃ​សៅរ៍​​ទី១៦ ខែ​ធ្នូ ​​កាត់​តាម​​ភូមិ​តូច​​មួយ​ក្បែរ​​ឧទ្យានជាតិ​ដ៏​មាន​​ប្រជាប្រិយ ​​នា​ភាគ​​ខាង​ត្បូង​ប្រទេស​ឈីលី​​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​​បាត់​បង់​ជីវិត​ និង​យ៉ាង​ហោច​ណាស់ ១៥​នាក់​កំពុង​បាត់​ខ្លួន​​ បន្ទាប់​ពី​ភ្លៀង​​​យ៉ាង​ខ្លាំង​​បាន​​បង្អុរ​មក​នោះ។

ក្រុម​អាជ្ញាធរ​​បាន​បន្ត​ថា ពលរដ្ឋ​​ឈីលី​ ៤​នាក់ និង​​បុរស​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​​ដែល​​ឈ្មោះ និង​សញ្ជាតិ​មិន​ត្រូវ​បាន​គេ​បង្ហាញ​​​ឲ្យ​ដឹង​​នោះ ​​បាន​បាត់​បង់​ជីវិត​​នៅ​ក្នុង​បំណាក់​ដី​​។ ​ក្រុម​សង្គ្រោះ​​កំពុង​បន្ត​ស្រាវជ្រាវ​​តាម​បំណាក់​ដី​ រក​មើល​អ្នក​បាត់​ខ្លួន​​យ៉ាង​ហោច​ណាស់​ ១៥​នាក់​នោះ។ លោក​ស្រី​ មីសែល បាសឺលេត ​ប្រធានាធិបតី​​​ប្រទេស​នេះ​បាន​​ប្រកាស​​តំបន់​នោះ​ជា​ទីតាំង​​គ្រោះ​មហន្តរាយ​ ហើយ​បំណាក់​ដី​​នេះ​​ក៏​បាន​​​បំផ្លាញ​​សាលារៀន​មួយ​​កន្លែង, ​លំនៅឋាន​​ច្រើន​ខ្នង​​ និង​ផ្លូវ​ជាតិ​​ក៏​ដូច​ជា​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង​ សម្រាប់​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ ក្នុង​គ្រោះ​​ធម្មជាតិ​បែប​​នេះ​ធ្វើ​ឲ្យ​​អ្នក​ស្រុក​រាប់​ពាន់​​នាក់​ នៅ​តំបន់​ក្បែរ​​ជើង​ភ្នំ​​​ឆៃតេន​ដែល​បាន​​ផ្ទុះ​កាល​ពី​​ឆ្នាំ​២០០៨ នោះ​​បង្ខំ​ចិត្ត​ភៀស​ខ្លួន​​ចេញ​ពី​តំបន់​រស់​នៅ៕​​

អត្ថបទ៖ រិទ្ធី