ក្រុម​អ្នក​គាំទ្រ​ប៉ាឡេស្ទីន​ប្រមូល​ផ្ដុំ​ក្នុង​ក្រុង​ប៉ារីស​តវ៉ា​​​​​​​​​ប្រឆាំង​​​ការ​​ទទួល​ស្គាល់របស់លោក ត្រាំ ដែលយក​​ក្រុង​ហ៊្សេរុយ​សា​ឡឹម​ធ្វើជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​​​​​​

52

បារាំង៖ ក្រុម​អ្នក​តវ៉ា​​ប្រហែល ២០០​នាក់​​បាន​ប្រមូល​ផ្ដុំ​គ្នា​​ នៅ​កណ្ដាល​​ទីក្រុង​​ប៉ារីស​​ប្រទេស​បារាំង​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​​ ក្នុង​ការ​តវ៉ា​​ប្រឆាំង​ចំពោះ​​ការ​ទទួល​ស្គាល់​របស់​​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ដែល​យក​​​ក្រុង​​ហ៊្សេរុយសាឡឹម​​ ធ្វើ​ជា​​រដ្ឋធានី​​របស់​ប្រទេស​អ៊ីស្រាអែល។

សេចក្ដី​​ប្រកាស​របស់​លោក ត្រាំ ​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ​ បាន​បញ្ឆេះ​​ឲ្យ​មាន​ការ​​តវ៉ា​នៅ​​ពាស​ពេញ​​ពិភព​លោក។ នៅ​ក្នុង​ប្រទេស​បារាំង​ជា​​ទីកន្លែង​មួយ​ ក្នុង​ចំណោម​ទី​កន្លែង​​មាន​​សហគមន៍​​មូស្លីម​ច្រើន​បំផុត​នៅ​អឺរ៉ុប និង​​មាន​ក្រុម​​អ្នក​គាំ​ទ្រ​ប៉ាឡេស្ទីន​ពី​បុព្វហេតុ​ មាន​ការ​ប្រកាស​​ថ្កោល​ទោស​​​ពី​ការ​ផ្លាស់​ប្ដូរ និង​បាន​​តវ៉ា​​យ៉ាង​ហោច​ណាស់​​ ២​ដង​មក​ហើយ។ ពលរដ្ឋ​ប៉ាឡេស្ទីន​ចង់​ឲ្យ​​រដ្ឋធានី​​នៃ​​រដ្ឋ​អនាគត​របស់​ពួក​គេ ​ស្ថិត​នៅ​ក្នុង​ក្រុង​ហ៊្សេរុយសាឡឹម​ខាង​កើត​ ដែល​តំបន់​​នោះ​ត្រូវ​បាន​អ៊ីស្រាអែល​​​ដណ្ដើម​​យក​ក្នុង​​សង្គ្រាម​​​ឆ្នាំ​១៩៦៧ និង​ក្រោយ​មក​ត្រូវ​បាន​អ៊ីស្រាអែល​​បញ្ចូល​ជា​តំបន់​ឧប​សម្ព័ន្ធ​ ក្នុង​​ការ​ផ្លាស់​ប្ដូរ​​ដោយ​គ្មាន​​ការ​ទទួល​ស្គាល់​​ពី​អន្តរជាតិ៕​

អត្ថបទ៖ រិទ្ធី